ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកពេទ្យ បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ស្ងៀមនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៧និង ១៥នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខស្រាបៀរកម្ពុជា លេីផ្លូវ២១៧ ស្ថិតនៅភូមិកណ្ដាល សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស្រេម រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គិលពេទ្យ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យរុស្សុី ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-5485 បើកលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ស្ងៀមលើចិញ្ចើមផ្លូវ ពីត្បូងទៅជើង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9298 សណ្តោង រុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0872 បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី។តែ ជាអកុសលជនរងគ្រោះបានស្លាប់ ហើយត្រូវបានសមត្ថកិច្ចជំនាញពិនិត្យស្លាកស្នាមរួច ប្រគល់ឲ្យក្រុមគ្រួសារ ដឹក យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ
