រថយន្តសង្គ្រោះបន្ទាន់ រថយន្តសណ្ដោង រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងប្រតិបត្តិការ ត្រូវបានក្រសួងសាធារណការ ដឹកជញ្ជូន សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ជារបៀបវារៈត្រូវពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ឱ្យបានលឿនរហ័សនៅពេលកើតមានបញ្ហាទាំងនេះនៅចំណុចណាមួយនៃដងផ្លូវ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់ការពន្យល់ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ កាលពីថ្ងៃទី១៨ ខែសីហា ថាភាគីរដ្ឋនិងក្រុមហ៊ុនសាងសង់ នឹងសហការគ្នារៀបចំការងារនេះឱ្យបានរលូន ក្នុងនោះក្រុមហ៊ុនក៏មានបន្ទប់កាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យតាមដានស្ថានភាពចរាចរណ៍ផ្លូវនេះតាំងពីដើមរហូតដល់ចុងផ្លូវផងដែរ។

ក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រសួងសាធារណការ ឯកឧត្តមទេសរដ្ឋមន្រ្តីបានពន្យល់ថា «ពេលថយន្តខូចត្រូវធ្វើម្ដេច? មានគ្រោះថ្នាក់ មានឡានអូសដែលឬទេ? តើមានមានរថយន្តសង្គ្រោះបន្ទាន់ឬទេ? តើមានឡានទឹកនៅកន្លែងនោះដើម្បីត្រៀមពន្លត់ឬទេ? អ៊ីចឹងយើងត្រៀមមន្រ្តី១៨នាក់ ធ្វើការនៅផ្លូវល្បឿនលឿនដើម្បីដោះស្រាយបញ្ហានេះ»។

សូមបញ្ជាក់ថាតាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខតទៅ ដោយឥតគិតថ្លៃក្នុងរយៈពេលពេញ១ខែនោះតែម្ដង។ សម្រាប់តម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឆ្នាំដំបូង រថយន្ដទេសចរណ៍ ឬរថយន្ដលក្ខណៈគ្រួសារ តម្លៃ១២ដុល្លារ ដោយឡែក រថយន្ដធំប្រភេទដឹកទំនិញ៦០ដុល្លារ៕

Share.