ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានឲ្យដឹងថា ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំប្រទេសអ៉ីរ៉ង់ លោក សាអីហ្វ មហាំម៉េត អាល់ ហ្សា Saif Mohammed Al Zaabi នឹងត្រឡប់ទៅកាន់ទីក្រុង តេអេរ៉ង់ វិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយរយៈពេល ៦ឆ្នាំ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ មានការថយចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ច័ន្ទ ទី ២២ ខែ សីហា ឆ្នាំ ២០២២។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការប្រកាសកាលពីថ្ងៃ អាទិត្យ ចុងសប្ដាហ៍កន្លងទៅ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៉ឺរ៉ង់ ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមរបស់ប្រទេសទាំង២ និង តំបន់ទាំងមូលកាន់តែទូលំទូលាយ។

អេមីរ៉ាត់អារ៉ាប់រួមបានកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុង តេអេរ៉ង់ ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីក្រុមបាតុករអ៉ឺរ៉ង់បានសម្រុកចូលស្ថានទូតអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៉ឺរ៉ង់ បន្ទាប់ពីការប្រហារជីវិតបុព្វជិតអ៉ឺរ៉ង់និកាយស៊ីអ៉ីតដ៏ល្បីម្នាក់ឈ្មោះ នីម អាល់ នីម (Nimr al-Nimr)។
ប្រព័ន្ធផ្សព្វផ្សាយរបស់អេមីរ៉ាត់ អារ៉ាប់រួម បានរាយការណ៍ថា កាលពីសប្ដាហ៍មុន រដ្ឋមន្រ្តីការបរទេស អេមីរ៉ាត់ និង អ៉ីរ៉ង់ បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយពួកគេបានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ឡើងវិញ។

បន្ទាប់ពីមានច្របូកច្របល់ជាច្រើនឆ្នាំលើភាគីផ្សេងគ្នានៃគូប្រជែងភូមិសាស្រ្តនយោបាយ អេមីរ៉ាត់អារ៉ាប់រួមបានចាប់ផ្ដើមទំនាក់ទំនងជាមួយអ៉ឺរ៉ង់ឡើងវិញនៅឆ្នាំ ២០១៩ ក្រោយការវាយប្រហារនៅក្នុងដែនទឹកឈូងសមុទ្រ និង លើទីតាំងថាមពលអារ៉ាប៊ីសាអូឌីត៕

