ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចចេញដីកាឃុំខ្លួនយុវជនម្នាក់ ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ មានទទួលកម្មង់សម្លាប់មនុស្ស  កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២២។

យុវជនខាងលើមានឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម១ បណ្តោះអាសន្ន ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍  ដែលប្រព្រឹត្តនៅលើហ្វេសប៊ុកឈ្មោះ “ម៉ាណា ប្រទេពស៊ីន” កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២។

 រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ “ម៉ាណា ប្រទេពស៊ីន” ហើយបានដាក់ Intro ថា មានទទួលកម្មង់សម្លាប់មនុស្ស។

ជនសង្ស័យរូបនេះ ក៏បានបង្ហោះខ្លឹមសារថា បាញ់លេងសោះងាប់មែនទែន និងបានបង្ហោះលក់ប៊ិចកាំភ្លើង ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ការឃាត់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ៕

អត្ថបទ៖ ចតុមុខ

Share.