មហាជនប្រហែលធ្លាប់បានដឹងថា គ្រូភ្លេង គង់ ពិសិដ្ឋ ធ្លាប់ជាអ្នកនិពន្ធ និងផលិតភ្លេងឱ្យតារាខ្មែរល្បីៗជាច្រើនដូចជា លោកឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង មាស សុខសោភា កញ្ញា សុខ ពិសី លោក ប៊ុន សាក់ ហ្សូណូ សុខស្រីនាង ឆាយវិរៈយុទ្ធ ស៊ឹមថៃណា លីវ៉ាធីណា ជាដើម។ ជាពិសេសតារាចម្រៀងក្នុងផលិតកម្ម U2 SSB និងសាន់ដេ។ ថ្មីៗនេះ សារព័ត៌មានត្រយងទទួលដំណឹងមកថា លោកបានលាចាកលោកនេះហើយ ដោយសារតែរោគាពាធ នៅគេហដ្ឋានរបស់លោក។

តាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា លោក គង់ ពិសិដ្ឋ ធ្លាប់ខ្លួនឈឺធ្ងន់អស់មួយរយៈធំមកហើយ និងបានសម្រាកនៅលើកន្ទេលមួយកន្លែងដែលមិនអាចក្រោកបាន។ ដំណឹងចុងក្រោយដែលគេទទួលបាននោះ គឺនៅពេលដែលលោកមានសភាពធ្ងន់ធ្ងរ រៀបនឹងលែងបានឃើញពន្លឺព្រះអាទិត្យទៀតហើយ។ តាមការលើកឡើងរបស់ លោក សួន ពិសិដ្ឋ បានអះអាងថា លោកទើបតែមកពីជួបលោក គង់ ពិសិដ្ឋ ពេលមុននេះប្រហែលបានមួយម៉ោងសោះ ហើយលោក គង់ ពិសិដ្ឋ នៅមានស្មារតីនៅស្គាល់និងចាំឈ្មោះលោកច្បាស់ណាស់។

លោកបន្តថា លោក គង់ ពិសិដ្ឋ ជាក្លើ (មិត្តសំឡាញ់) ជាង ៣០ ឆ្នាំ ជាមិត្តរួមថ្នាក់រួមសាលា មហាវិទ្យាល័យតូតន្រ្តី នៃសកលវិទ្យាល័យភូមិទ្ទវិចិត្រសិល្បៈ ជាផលិតករ អ្នកតែងនិពន្ធបទភ្លេងដែលមានស្នាដៃបទចម្រៀងពិរោះៗល្បីៗជាច្រើននិងធ្វើឱ្យមានតារាចម្រៀង និងកំពូលតារាចម្រៀងល្បីល្បាញច្រើនរូបក្នុងវិស័យសិល្បៈតន្រ្តីនិងភាពយន្ដ នៅក្នុងប្រទេសកម្ពុជា ។ លោក គង់ ពិសិដ្ឋ បានចែកឋានលាយើងទាំងអស់គ្នាជារៀងរហូតហើយ! លោកគឺជាបុគ្គលគំរូដ៏ល្អសម្រាប់ធនធានមនុស្សល្អក្នុងសង្គមជាតិ ជាមនុស្សល្អមានចិត្តទូលំទូលាយ ចូលចិត្តកំប្លែងលេងធ្វើឱ្យគេគ្រប់គ្នារីករាយសប្បាយចិត្ត មានមេត្តាធម៌ខ្ពស់ចូលចិត្តជួយគេជួយឯងគ្រប់ៗគ្នាដោយមិនរំពឹងការតបស្នងសងគុណ សាងតែសេចក្ដីល្អ អំពើរល្អ សាងតែបុណ្យកុសល។ លោកបួងសួងសូមដួងវិញ្ញាក្ខន្ធសម្លាញ់ គឺលោក គង់ ពិសិដ្ឋ បានឈានចូលដល់ឋានសុគតិភពកុំបីឃ្លៀងឃ្លាត។

ក្នុងនោះដែរ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានលើកឡើងដែរថា លោកបានជួយសម្រាលបន្ទុកព្យាបាលជំងឺរបស់លោក គង់ ពិសិដ្ឋ ចំនួន ៤លានរៀល និងមិននឹកស្មានដល់ថាត្រូវបាត់បង់គ្រូភ្លេងក្នុងពេលឆាប់រហ័សបែបនេះទាល់តែសោះ។ ជាមួយគ្នានោះដែរ តារាចម្រៀង សុខ ពិសី ក៏បានរៀបរាប់ប្រាប់មហាជនដែរថា កញ្ញាជាប់មានធុរៈនៅប្រទេសថៃ ទើបមិនបានមកជួបសួរសុខទុក្ខគ្រូភ្លេង គង់ ពិសិដ្ឋ ដោយផ្ទាល់ ប៉ុន្តែកញ្ញាបានជួយសម្រាលទុក្ខចំពោះក្រុមគ្រួសារលោក ចំនួន ២លាន រៀល។ ចំណែកឯលោក ហ្សូណូ វិញ ក៏បានរៀបរាប់ដែលថា ៖ «ចុងឆ្នាំ២០០៤ខ្ញុំបានជួបគាត់ ធ្វើការជាមួយគ្នា ជាមួយ២បទដំបូង(មនុស្សអតីត និងឈឺផ្សា) ហើយក៏មិនដែលបានប្រាស្រ័យទាក់ទងគាត់ តាំងពីពេលដែលខ្ញុំបានផ្លាស់ប្តូរផលិតកម្ម ទើបតែពេលប៉ុន្មានថ្ងៃចុងក្រោយទើបទទួលដំណឹងថាគាត់ឈឺធ្ងន់រហូតមកដល់ថ្ងៃនេះគាត់ក៏បានលាចាកលោកនេះ។ សូមវិញ្ញាណក្ខន្ធបងបានទៅដល់ទីស្ងប់🙏»។

ក្រៅពីការសម្ដែងអារម្មណ៍សោកសៅរបស់តារាចម្រៀង និងសិល្បករ ក៏ដូចជាមិត្តរួមអាជីពរបស់លោក គង់ ពិសិដ្ឋ ហើយនោះ គេក៏ឃើញមានការផ្ញើសារចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់មហាជនក្នុងបណ្តាញសង្គម ដោយគ្រប់គ្នាមានការសោកស្តាយស្រណោះអាឡោះអាល័យចំពោះការបាត់បង់អ្នកមានស្នាដៃល្អ និងជាធនធានសំខាន់ដូចជារូបលោក៕

Share.