បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌអង្គរក្សនៃកងយោធពលខេមរភូមិន្ទ លោក សាន្ត ប៊ុនធឿន ដែលជាអ្នកសារព័ត៌មានអនឡាញល្បីឈ្មោះមួយរូបនៅកម្ពុជាដែរនោះ បានរបូតទាំងអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានពីក្រសួងព័ត៌មានបន្ថែមមួយទៀត។ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញប្រកាសលេខ២០៤ សម្រេចលុបប្រកាសដែលអនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ។

ដូចគ្នាទៅនឹងហេតុផលដកលោកចេញពីជួរកងទ័ពដែរ ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃទី២២ ខែសីហានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បានអះអាងថាការលុបអាជ្ញាបណ្ណSTBរបស់លោក សាន្ត ប៊ុនធឿន គឺដោយសារ«ម្ចាស់អាជ្ញាបណ្ណ[រូបនេះ]បានប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លែងថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនតម្កល់ទុកនៅក្រសួងព័ត៌មាន»។

សូមបញ្ជាក់ថានៅថ្ងៃម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្រ្តីដែលបានអះអាងថាធ្លាប់ជួយទិញផ្ទះ និងផ្ដល់ថវិកាជួយលោក សាន្ត ប៊ុនធឿន មួយខែ៥០០ដុល្លារអាមេរិកនោះ បានបញ្ចេញការប្រតិកម្មចំពោះលោក សាន្ត ប៊ុនធឿន ដែលជេរប្រមាថ និងបង្ហាញហិង្សាបោកចានលើតុអាហារ ទាំងក្នុងពេលកំពុងផ្សាយផ្ទាល់មានអ្នកទស្សនាជិត៧០០នាក់។ «ខ្ញុំធ្លាប់បានអប់រំ សាន្ត ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើង»។

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបន្តថា« ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព»។ ក្រោយការបញ្ជាក់យ៉ាងដូច្នេះពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានធ្វើលិខិតស្នើសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីលុបឈ្មោះ លោក សាន្ត ប៊ុនធឿន ចេញពីជួរអង្គរក្សនៃកងយោធពលខេមរភូមិន្ទ។

យ៉ាងណាក៏ដោយ លោក សាន្ត ប៊ុនធឿន តាមរយៈវីដេអូផ្សាយផ្ទាល់មួយទៀត បារៀបរាប់ជម្រាបសម្ដេចតេជោ ហ៊ុន​ សែន នូវការសូមអភ័យទោស។ លោក សាន្ត ប៊ុនធឿន បានមានប្រសាសន៍ថា«សូមទោស សម្ដេចពុក ខ្ញុំអត់មានចេតនាទេសម្ដេចពុក..ខ្ញុំរៀនធ្វើ Prank ទៅក៏ប៉ះសម្ដេចលោកមើលកន្លែងហ្នឹង…តាមពិតខ្ញុំអត់មានបំណងប៉ះពាល់លើអ្នកណាទេ។ ខ្ញុំ[Live]នៅលើផ្ទះតែម្នាក់ឯងហ្នឹង ខ្ញុំចេះតែធ្វើទៅ ព្រោះ Page ធ្លាក់Views[អ្នកមើល]»៕

Share.