សម្រាប់អ្នកគាំទ្រដែលស្រលាញ់ និងពេញចិត្ត ទឹកដមសំឡេងរបស់ កញ្ញា មាស នីតា (ពៅ ស្រីមាស) និងកំលោះសង្ហាកូនកាត់ខេត្តបាត់ដំបង និងសៀមរាម ណាន វីសារ កំពុងតែសោកសៅព្រោះ Idol របស់ខ្លួនបានចាកចេញពីកម្មវិធី Cambodia Idol ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ថ្វីត្បិតតែអ្នកទាំងពីរមិនអាចបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រដូចជាបេក្ខជន ៤រូបផ្សេងទៀតគឺ លីម តិចម៉េង,នាង ដាវីន,ស៊ឹម ច័ន្ទពន្លឺ និង ថុល សុភិទិ ប៉ុន្តែសមត្ថភាពដ៏ប៉ិនប្រសប់ជាមួយនឹងទឹកដមសំឡេងដ៏ពីរោះគ្រប់វគ្គរបស់អ្នកទាំងពីរពិតជាអ្វីដែលទស្សនិកជនបានជ្រាបយ៉ាងច្បាស់តាមរយៈការតាមដានកម្មវិធីពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
ពៅ ស្រីមាស ឬ មាស នីតា នៅក្នុងវគ្គ Judge Audition បានលើកយកបទចម្រៀង «ខ្លាចឃ្លាត» មកបកស្រាយរហូតទទួលបាន Yes ដល់ទៅ៤។ ពីមួយវគ្គទៅមួយវគ្គកញ្ញាធ្វើបានល្អរហូត មិនថា Theater Round ជុំទីមួយ និង ជុំទីពីរ វគ្គ Green Mile ឬវគ្គ Live Show នោះឡើយ ព្រោះគ្រប់វិញ្ញាសារដែលកម្មវិធីបានប្រគល់ឱ្យ មាស នីតា មិនដែលធ្វើឱ្យអ្នកគាំទ្រកញ្ញាអស់សង្ឃឹមចំពោះសំឡេងច្រៀងរបស់កញ្ញានោះឡើយ។

ណាន វីសារ គឺជាបេក្ខជនដ៏លេចធ្លោមួយរូប ព្រោះយុវជនវ័យក្មេងរូបនេះមិនត្រឹមតែមានសំឡេងធ្ងន់ពីរោះប៉ុណ្ណោះទេ ប៉ុន្តែស្នាមញញឹមថ្ពាល់ខួចរបស់គេបានឆាបឆក់ដួងចិត្ត ទស្សនិកជនជានារីមិនតិចនោះឡើយ។ នៅក្នុងវគ្គ Judge Audition វីសារបានលើកយកបទចម្រៀង «តើបងមានថ្ងៃនោះទេ» ដែលបទចម្រៀងមួយបទនេះអាចធ្វើឱ្យគណៈកម្មការគឺកញ្ញា សុខ សីឡាលីន ស្រក់ទឹកភ្នែកស្រណោះខ្លួនព្រោះតែចូលតួដោយសារតែសំឡេងច្រៀងដាក់អារម្មណ៍បែបលួងលោមរបស់បេក្ខជនរូបនេះ។

ណាន វីសារ ប៊ិះនឹងរបូតចេញពីកម្មវិធី ប៉ុន្តែដោយសារតែគណៈកម្មការទាំង៤រូបមើលឃើញពីសមត្ថភាពរបស់យុវជនរូបនេះទើប សម្រាប់ Save ឱ្យប្អូនបន្តក្នុងកម្មវិធី។ ក្រោយមានឱកាសបានបង្ហាញសមត្ថភាពម្ដងទៀត វីសារ មិនធ្វើឱ្យអ្នកគាំទ្រ និងគណៈកម្មការអស់សង្ឃឹមឡើយ ប្អូនបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យរហូតឈ្នះចិត្តទស្សនិកជនឱ្យបោះឆ្នោតឱ្យប្អូនជាប់ចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TOP6 នៃកម្មវិធី។
ថ្វីត្បិតតែ មាស នីតា និង ណាន វីសារ មិនអាចឈានឆ្ពោះទៅដណ្ដើមពានរង្វាន់Cambodian Idol រដូវកាល២០២២ ក៏ពិតមែន ប៉ុន្តែសមត្ថភាពសំឡេង សម្ដែងលើឆាករបស់អ្នកទាំងពីរបានថតជាប់ក្នុងដួងចិត្តអ្នកគាំទ្ររួចបាត់ទៅហើយ៕



