ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ ដឹងហើយ ឮហើយ នៅតែមានចិត្តលោភលន់ ឈានដល់ចាញ់ល្បិចក្រុមទម្លាក់ យោង នាំយកទៅដោះយកខ្សែក ទូរស័ព្ទដៃ បានសម្រេច គេចខ្លួនបាត់អស់។លុះពេល ដឹងខ្លួនថាចាញ់បោកគេហើយស្រែកទ្រហោយំ និយាយប្រាប់គេឯងថាត្រូវថ្នាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះ រតនា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅសួនការណាឌីយ៉ា ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ។ សម្ភារៈបាត់បង់រួមមាន៖ខ្សែកប្លាទីន១ខ្សៃ តម្លៃ២០០ដុល្លារ ទូរស័ព្ទដៃ OPPO មួយគ្រឿង តម្លៃជាង២០០ ដុល្លារ សរុបជាង៤០០ដុល្លារ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង៥ល្ងាច ខណៈដែលចេញពីធ្វើការងាររោងចក្រ ដើរទៅផ្ទះជួល ជិតដល់មាត់ច្រកចូលផ្ទះទៅហើយ ស្រាប់តែមានស្ត្រីជនសង្ស័យម្នាក់ដើរមកសួរ រឿងគេជ្រុះកញ្ចប់មាស មិនទាន់ទាំងឆ្លើយផង ក៏លេចមុខស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ គេរើសបាន យើងទុកលក់ ចែកគ្នា រួចក៏ដឹកដៃឡើងជិះម៉ូតូឌុបម្នាក់មួយគ្រឿង ជិះក្រឡឹងចុះឡើងរហូតដល់ ភ្លើងស្តុបអង្គតាមិញ ឈប់ហើយ ជនសង្ស័យហុចកញ្ចប់ក្រហមមានដាក់លោហៈក្រហមច្រាលឲ្យកាន់ ប្រាប់ថាខ្សៃកមាសតម្លៃ១០០០ដុល្លារ ហើយចាប់ដោះយកខ្សែក និងយកទូរស័ព្ទដៃមួយគ្រឿង ប្រាប់ឲ្យនៅអង្គុយចាំ ពួកគេទៅដូរលុយចែកគ្នា ដោយចាំបាត់ៗ មើលក្នុងថង់ ពិនិត្យជាក់ស្តែង ទើបដឹងថាខ្សៃកក្រឡៃ ។ ក្រោយពីដឹងខ្លួនថា ចាញ់ល្បិចគេហើយ ស្រែកទ្រហោយំ ប្រាប់គេឯងថាត្រូវថ្នាំសណ្តំទៅវិញ ។

តែបើតាមមតិមហាជនវិញបានលើកឡើងថា ល្បិចទម្លាក់យោងនេះ ជាល្បិចឆបោកចាស់ យូរលង់ណាស់មកហើយ តែនៅមានប្រសិទ្ធភាព មានអ្នកចាញ់បោកជាបន្តបន្ទាប់ដោយសារ កើតចេញពីក្តីលោភលន់ ។
នារីរងគ្រោះខាងលើនេះ ក្រោយកើតហេតុបានត្រឹមយំស្រែក ក្រុមគ្រួសារនាំវិលទៅផ្ទះវិញ ទាំងមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឡើយ ៕
អត្ថបទ៖តាតុង សែនជ័យ
