កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២ បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ Miss Universe Cambodia កញ្ញា​ ហង្ស ម៉ានីតា បាន​ផ្ដល់​កិត្តិយសសម្ភាសន៍​ក្នុង​កម្មវិធី​មួយ​របស់​ ​ឆាណែល​ The Qrown Philippines ដែល​ជា​ឆាណែលផ្ដោត​លើ​ការ​ជជែក​វែកញែក ប្រាប់​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​របស់​ប្រទេស​ហ្វីលីពីន។

នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​តាម​អនឡាញ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ម៉ោង​នេះ​ ពិធីករ​ចំនួន​២​រូប​របស់​ហ្វីលីពីន​បាន​សាកសួរ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​កម្មវិធី​ Miss Universe Cambodia 2022 របស់កញ្ញា។ ក្រៅ​ពី​សាកសួររឿង​ប្រកួត​ហើយ​នោះ​ ពិធីករ​ក៏​បាន​ផ្ដល់​សំនួរ​ចំនួន​១០​ឱ្យ​កញ្ញា​ជ្រើសរើស​ដើម្បី​ឆ្លើយតបផងដែរ។ មាន​សំនួរ​មួយ​ដែល​កញ្ញា​ត្រូវ​បាន​សួរ​ថា​បើ​សិន​អ្នក​អាច​ញ៉ាំ​ម្ហូប​បាន​តែ​មួយ​មុខ​ពេញ​មួយ​ជីវិត តើ​អ្នក​នឹង​ញ៉ាំ​មុខ​ម្ហូប​អ្វី? កញ្ញា ហង្ស ម៉ានីតា បាន​ឆ្លើយថា​កញ្ញា​ នឹង​ជ្រើសរើស​យក​បាយ​ឡុកឡាក់ ព្រម​ទាំង​ពន្យល់​ណែនាំ​ឱ្យ​ពិធីករ​ហ្វីលីពីន​ដឹង​ពី​អ្វី​គឺជា​បាយ​ឡុក​ឡាក់របស់​ខ្មែរ​​ថែម​ទៀត​។

ក្រោយ​ស្ដាប់​ការណែនាំ​អាហារ​ដែល​ជា​ចំណូលចិត្ត​របស់​ ម៉ានីតា​រួច​ ពិធីករ​ទាំង​ពីរ​បាន​និយាយ​ថា​ ពួក​គាត់​ចង់​មក​ស្រុក​ខ្មែរ​ដើម្បី​ភ្លក់​ម្ហូប​មួយ​មុខ​នេះ​ដែរ។​ នៅ​ក្នុង​សម្ភាសន៍​នោះ​ពិធីករ​ក៏​បាន​សួរនាំ​ដែរ​ថា​តើ​កញ្ញា ហង្ស ម៉ានីតា មាន​បំណង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដែរ​ទេ​? ស្រីស្អាត​រូប​នេះ​បាន​ឆ្លើយ​តប​ថា​បច្ចុប្បន្ន​កញ្ញា​មាន​កាតព្វកិច្ច​ប្រកួត​ ដូច្នេះ​មិន​ចង់​គិត​អ្វី​ផ្សេង​នោះ​ឡើយ​ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​មិន​ប្រាកដ​នោះ​ទេ​។ ចម្លើយ​បែបនេះ​បាន​ធ្វើ​ឱ្យ​ពិធីករ​ទាំង​ពីររូប​សន្និដ្ឋាន​បាន​ថា​ ថ្ងៃ​អនាគត​អ្នក​គាំទ្រ​ប្រាកដ​ជា​បាន​ឃើញ​កញ្ញា​សម្ដែង​នៅ​ក្នុងខ្សែភាពយន្ត​ណាមួយ​ជាក់ជាមិនខាន​។

នៅ​ក្នុង​ការ​ Live មាន​អ្នក​គាំទ្រ​របស់​កញ្ញា ហង្ស ម៉ានីតា ទាំង​ខ្មែរ ហ្វីលីពីន​ និង​បរទេស​ បាន​ Comment លើក​ទឹក​ចិត្ត បង្ហាញ​ក្ដីស្រលាញ់​ និង​ចោទជា​សំនួរ​ទៅ​កាន់​កញ្ញា​ជា​ច្រើន​ផង​ដែរ​។

ចុង​ក្រោ​យ​ ហង្ស ម៉ានីតា​ បាននិយាយ​ថា​ការ​ដែល​កញ្ញា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ដោយសារ​តែ​ជា​កម្មវិធី​ធំ​មាន​មនុស្ស​មើល​ច្រើន​ អាច​ជំរុញ​ឱ្យ​អ្នក​ទស្សនា​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​កាន់​តែ​ល្អ​ប្រសើរ​។ កញ្ញា​និយាយ​ទៀត​ថា​យើ​ង​គ្រប់​គ្នា​រស់​នៅ​ក្នុងស​ង្គម​មួយ​ដែលជួនកាល​អាច​មាន​​គ្រោះ​ថ្នាក់ ដូច្នេះ​កញ្ញា​មិន​ចង់​ឱ្យ​អ្នក​ណា​ម្នាក់​ជួប​ប្រទះ​នឹង​រឿង​អាក្រក់​នោះ​ឡើយ​ យើង​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ជួយ​ ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ដើម្បី​លើកមុខ​លើកមាត់​ឱ្យ​ប្រទេស​ខ្ញុំ​ ប៉ុន្តែក៏​​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ការ​ឱ្យ​ជួយ​ដែរ​៕

Share.