ប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្រោយរថយន្តសេរីទំនើប Bugatti ពាក់ស្លាកលេខពិសេស កម្ពុជា Boss បើកបរនៅលើទឹកដីថៃ ហើយត្រូវបានម្ចាស់គណនី ហ្វេសប៊ុកថៃឈ្មោះបាន Bew Phattarit ថតនិងបង្ហោះនៅលើហ្វេសប៊ុករហូតផ្ទុះមានការ Like និងShare ទាំងអ្នកលេងបណ្ដាញសង្គម ថៃ និងកម្ពុជា រហូតដល់ ២១KShare ឯណោះ។
ក្រោយពីចាប់អារម្មណ៍លើរថយន្តតម្លៃរាប់លានដុល្លារហើយនោះ មហាជនបានងាកមកចង់ដឹងពីម្ចាស់រថយន្តដ៏ទំនើបនេះវិញ តើម្ចាស់រថយន្តស៊េរីទំនើបសញ្ជាតិបារាំងនេះជានរណា?

តាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានចេញមកទម្លាយឱ្យដឹងថាពីមុខមាត់ពិតរបស់ម្ចាស់រថយន្តតម្លៃខ្ទង់៤.១លានរូបនេះ។ បន្ទាប់ពីម្ចាស់គណនីខាងលើនេះចេញមកទម្លាយពីមុខមាត់រួចក៏មានគណនីហ្វេសប៊ុកមួយទៀត បានលើកឡើងថា ប្ដីជាសេដ្ឋីនៅស្រុកខ្មែរ រីឯប្រពន្ធជាសេដ្ឋីនៅស្រុកថៃ។

លោកបានសរសេររៀបរាប់ទៀតថា៖ រថយន្ត Bugatti Chiron Sport 110 ANS ប្រភេទ Limited ដែលមានតម្លៃជិត៤លានដុល្លារអាមេរិកមិនទាន់គិតពន្ធ ហើយមានតែ២០គ្រឿងប៉ុណ្ណោះក្នុងពិភពលោក ត្រូវបានគេលួចថតបាននៅទីក្រុងបាងកក ប្រទេសថៃ ដោយបំពាក់ផ្លាកលេខរបស់ប្រទេសកម្ពុជា។ ឡានទំនើប ពាក់ផ្លាកលេខ កម្ពុជា ធ្វើឲ្យផ្អើលនៅស្រុកថៃ !! Bugatti Chiron Sport 110th .. ក្នុងពិភពលោក មានយ៉ាងច្រើន ២០ គ្រឿង ។ នៅស្រុកខ្មែរ បើគិតពន្ធហើយ តម្លៃប្រហែល ៤.៥ លានដុល្លាអាមេរិក នេះមិនទាន់គិតតម្លៃ ស្លាកលេខផង ។ យោងតាមការស្រាវជ្រាវពីបណ្ដាញអ្នកលេងបណ្ដាញសង្គមបានចេញមកទម្លាយឱ្យដឹងថាម្ចាស់រថយន្តនេះ គឺជាកូនប្រុសពៅរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកមានឈ្មោះក្នុង IG ថា Ibossleak ។


លោកមានប្រពន្ធជាជនជាតិថៃមានឈ្មោះ IG ថា Visnie។កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ អ្នកទាំងពីរទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍មានឈ្មោះហៅថាBlake Yim សព្វថ្ងៃមានអាយុ២ខួប៨ខែ។ បើតាមអ្នកស៊ើបបណ្ដាញសង្គមបានលើកទៀតថាអ្នកទាំងពីរគឺជាអ្នក Business ប៉ុន្តែមិនបានរៀបរាប់ឱ្យដឹងពីមុខរបរពិតប្រាកដនោះឡើយ។ ក្រៅពីមានរថយន្តទំនើបហើយនោះក៏មានគណនីខ្លះបានសរសេររៀបរាប់ដែរថា អ្នកទាំងពីរថែមទាំងមានយន្តហោះផ្ទាល់ខ្លួនថែមទៀតផង។
ទោះជាមានមតិខ្លះបានរិះគន់ចំពោះម្ចាស់រថយន្តដ៏ទំនើបនេះប៉ុន្តែមតិភាគច្រើនមានទំនោរវិជ្ជមាននិងមានមោទកភាពដែលស្លាកលេខរថយន្តមានអក្សរកម្ពុជាបានបំពាក់លើរថយន្តទំនើបហើយបានទៅបើកបង្អួតរាងសង្ហានៅលើទឹកដីថៃ។

សម្រាប់រថយន្តស៊េរីទំនើបរបស់បារាំង Bugatti គឺជារថយន្តដែល Celebrity លំដាប់ពិភពលោកពេញនិយមប្រើប្រាស់ក្នុងនោះមានដូចជា តារាបាល់ទាត់ព័រទុយហ្គាល់ Christino Ronaldo តារាហូលីវូដ Tom Cruiz ស្ថាបនិកកម្មវិធីកម្សាន្តល្បី Simon Cowell ស្ដេចប្រដាល់ Floyd Mayweather Jr. និង តារាបាល់ទាត់ប្រេស៊ីល Roberto Carlos ជាដើម៕







