
ពីវេទិកាអធិបតីនៃពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទនភាព និងសុទិដ្ឋិនិយមខ្ពស់ចំពោះគន្លងវិថីនៃយុវជនកម្ពុជាបច្ចុប្បន្ន។
បើតាមសម្ដេចតេជោ «ឱកាសមានច្រើនសម្រាប់យុវជន។ រឿងពួកក្រុមកាប់ដាវ វាជារឿយមួយ។ ពួកគេមិនចូលសាលា គេបង្កើតចលាចលនៅខាងក្រៅ តាមរយៈនៃការប្រណាំងម៉ូតូ ប្រណាំងឡាន រហូតដល់ការណាត់កាប់គ្នា អាហ្នឹងវាជារឿងមួយហើយ។ ប៉ុន្តែនោះជាផ្នែកតូចមួយដែលអសកម្មក្នុងសង្គម»។
ធៀបនឹងក្រុមយុវជនដូចបានរៀបរាប់ខាងលើ សម្ដេចបានអះអាងកម្ពុជា មានធនធានុយុវជនប្រមាណ៤លាននាក់កំពុងឋិតក្នុងសាលារៀន ដោយសម្ដេចបន្តថា«សម័យនេះ គឺជាសម័យដែលយុវជនយើងមានឱកាសច្រើនណាស់ បើប្រៀបធៀបជាមួយនឹងយុវជនជំនាន់មុន ក្នុងសម័យសង្គ្រាម និងសម័យរបបប្រល័យពូជសាសន៍ប៉ុល ពត»។
សម្ដេចបានរម្លឹកថាយុវជនកម្ពុជា បានបាត់បង់ឱកាសសិក្សារៀនសូត្រទាំងស្រុងនៅក្នុងសម័យខ្មែរក្រហម និងស្ទើរទាំងស្រុងនៅក្នុងសម័យចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ សម្ដេចបន្ថែមថា«តំបន់ខ្លះ បានបាត់បង់សាលារៀនតាំងពីឆ្នាំ១៩៧០ រហូតដល់ក្រោយឆ្នាំ១៩៧៩ រឿងពិតបានកើតឡើងគឺតំណាក់កាលអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ»៕
