ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់គ្រាដែលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ ខណៈដែលកំពុងដើរឆ្លងថ្នល់ ត្រូវបានម៉ូតូហុងដាឌ្រីម បើកលឿនជ្រុលបុក ដួលបោក កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងករណីខាងលើមានឈ្មោះយ៉យ យ៉ូត ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចំការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទើបមកស្នាក់នៅលេងកូនផ្ទះជួលក្បែរកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះកំពុងដើរឆ្លងផ្លូវពីលិចទៅកើត ស្រាប់ តែម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1U-2770 អ្នកបើកបរមានឈ្មោះ ភាព ហ៊ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបូតគង ឃុំទឹកថ្លា ស្រុកសា្វយអន្ទរ ខេត្តព្រៃវែង ដែលជិះល្បឿនលឿនពីត្បូងទៅជើង ជ្រុលបុកដួលបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងន់ធ្ងរ អ្នកបើកម៉ូតូរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ហើយបានស្លាប់ ចំណែកម៉ូតូនិងអ្នកបើកម៉ូតូ សមត្ថកិច្ចមូលដ្ឋានប្រគល់ជូនការិយាល័យចរាចរជើងគោក នាំយកទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.