ភ្នំពេញ៖បុរសម្នាក់ស្លាប់បែកសាកសពខ្ទេចខ្ទីពាក់កណ្ដាលខ្លួនមើលលេងយល់ ខណៈជិះម៉ូតូមួយគ្រឿងចុះពីលើស្ពានក្បាលថ្នល់ ត្រូវរថយន្តដឹកទំនិញធុនធំបើកកៀរហើយដួល ខ្ទាតចូលក្រោមកង់រថយន្តកិនពីលើពេញទំហឹង កាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អុឹម សុឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើត ភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេចខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-1066ធ្វើដំណើរទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយស្របគ្នាបណ្ដាលឲ្យកៀរម៉ូតូដួលហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចកណ្តាលខ្លួនមើលលែងយល់ ស្លាប់យ៉ាងអាណោចអាធ័ម។ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក្ខបណ្តោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរករថយន្តដើម្បីយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្តបទ និងរូបភាព ៖ ទូច វិច្ឆិកា

Share.