សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មិនបដិសេធឡើយចំពោះការទស្សន៍ទាយដែលថាសម្ដេចនឹងបាត់អំណាច។ បើតាមសម្ដេច ប្រសិនបើទាយថាសម្ដេចនឹងស្លាប់ក៏មិនជាការខុសឆ្គងឡើយ។​ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចមានប្រសាសន៍ថា« ហ៊ុន សែន និងបាត់អំណាចពិតប្រាកដ ហើយបើទាយមួយទៀតថា ហ៊ុន សែន នឹងស្លាប់ ត្រឹមត្រូវទៀត។ ម៉េចបានខ្ញុំថាត្រឹមត្រូវ? ជីវិតមនុស្សវាត្រូវតែស្លាប់ គ្មាននរណាចាស់សកទេកុំឆ្ងល់ពេក»។

យ៉ាងណាក៏ដោយសម្ដេចតេជោបានផ្ដាំជាមុនថា អំណាចគ្រប់គ្រងដឹកនាំប្រទេសកម្ពុជានឹងមិនធ្លាក់ទៅលើដៃនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាឡើយ។ សម្ដេចប្រមុខបានបន្ថែមថា« បានប្រកាសហើយតើ! ត្រៀមរៀបចំហើយតើ! ម៉េចក៏ស្ដាប់មិនបាន ហើយទាយហ្នឹងទាយត្រូវ។ ហើយផ្ដាំទៅវិញ ហ៊ុន សែន នឹងបាត់អំណាច បាត់មែន! ព្រោះអាហ្នឹងទោះបីថា….មិនមែន ហ៊ុន ម៉ាណែត ទៅចុះ ក៏មិនមែនធ្លាក់ទៅលើដៃពួកលោកឯងដែរ។ ច្បាស់ជាអ្នកនៅក្នុងគណបក្សប្រជាជនកម្ពុជាដដែលហ្នឹង»៕

Share.