ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកគ្នា៣នាក់ ជិះម៉ូតូ៣គ្រឿង ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ យ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ រាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដេញស្ទាក់ចាប់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ហើយព្យាយាមរត់គេច ត្រូវបានកម្លាំងប្រដេញតាមស្ទាក់ ចាប់ខ្លួនបានម្នាក់ នៅចំណុចភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះ ឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិខ្នុរអពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ក្រុមជនសង្ស័យមានគ្នា៣នាក់ ជាមុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ហើយក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់បានសម្រេចជាបន្តបន្ទាប់។ លុះនៅព្រឹកថ្ងៃកើតហេតុនេះ ជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូ៣គ្រឿង ហុងដាឌ្រីម២គ្រឿង ម៉ាកBeat មួយគ្រឿង ធ្វើសកម្មភាពឆក់ តាមផ្លូវ ៦០ម៉ែត្រ បានសម្រេចហើយ រត់គេចខ្លួន ត្រូវបានកម្លាំងប្រដេញតាមចាប់ខ្លួន ដល់ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ជនសង្ស័យម្នាក់ផ្តួលម៉ូតូរត់ចូលត្រពាំងទឹក ទើបចាប់ខ្លួនបានម្នាក់ ដកហូតម៉ូតូម៉ាកBeat ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1JP- 6254 ។

បន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសាកសួរ និងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.