នៅថ្ងៃទី 22 ខែសីហា ឆ្នាំ ២០២២នេះ ផលិតកម្មសហប្រាំពីរ (៧) ភាពយន្ត បានរៀបចំកម្មវិធីក្រុងពាលីរឿងភាគទូរទស្សន៍ថ្មីដែលមានចំណងជើងថា « វិញ្ញាណឃ្លានស្រឡាញ់» ដែលជាប្រភេទរឿងបែបរន្ធត់ព្រឺព្រួច លាយលំថ្លុកកំប្លែងឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ស្រស់ស្រាយ រសាយអស់ទុក្ខកង្វល់។ រឿងភាគមួយនេះ ជាស្នាដៃនិពន្ធរបស់ សោម ដូរ៉េ ដកស្រង់ទិដ្ឋភាពពីសម័យអាណាគមបារាំង និងបរិបទសម័យទំនើបនេះ។

លោក លី មរតក អ្នកដឹកនាំរឿង « វិញ្ញាណឃ្លានស្រឡាញ់» បាននិយាយប្រាប់អ្នកសារព័ត៌មានត្រយងថា រឿងភាគបុរាណខ្មែរមួយនេះចំណាយពេលថតជាច្រើនខែ និងច្រើនទីតាំង ដោយសម្រិតសម្រាំងប្លង់នីមួយៗឱ្យស៊ីជាមួយទិដ្ឋភាពនៃសាច់រឿង ដែលមើលទៅដូចជាកំពុងស្ថិតនៅក្នុងសម័យកាលនោះពិតៗ។ លោកបន្តថា រឿងភាគមួយនេះ ខុសប្លែកពីរឿងភាគមុនៗរបស់ផលិតកម្មសហប្រាំពីរ ដោយសារតែមហាជននាពេលនេះ គាំទ្រ និងនិយមទស្សនារឿងបែបបុរាណ ដូច្នោះទើបផលិតកម្មសហការជាមួយអ្នកនិពន្ធល្បីឈ្មោះ រំលេចស្នាដៃថ្មីនេះឡើង។

រឿងភាគ « វិញ្ញាណឃ្លានស្រឡាញ់» មានការចូលរួមសម្ដែងពីលោក ហង្ស សម្បើមស័ក្ដ កញ្ញា មុន្នី រស្មី, ពិធីករហង្សមាសលោក នាង វ៉ាន់សាន់, កញ្ញា វ៉ាន់ នីវ៉ា, អ្នកនាង វ៉ាន់ លីលី, តារាកំប្លែង កញ្ញា ជ្រូកព្រៃ,លោក គៀត ថារ៉ាវ៉ាត់, លោក ហេង កូស៊ីន និង តារាកិត្តយសជារូបទៀត។
ក្នុងនោះ លោក ហង្ស សម្បើមស័ក្ដ បានរៀបរាប់ពីសាច់រឿង និងការសម្ដែងជាតួលោកម្ចាស់ភូមិគ្រិះថា « វិញ្ញាណឃ្លានស្រឡាញ់»ជារឿងដំបូងហើយដែលលោកសម្រេចចិត្តថត និងសម្ដែងជាតួវិញ្ញាណលោកម្ចាស់នាសម័យអណានិគមបារាំង។ លោកថា លោកស្ងាត់ពីសិល្បៈអស់រយៈពេល ៤ឆ្នាំមកហើយ ដោយសារតែមើលថែទាំងម្ដាយរបស់លោក ប៉ុន្តែវិលមកប្រឡូកសិល្បៈលើនេះ គឺលោកត្រូវតែមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។ ហើយរឿងភាគថ្មីនេះទៀតសោត បានលាតត្រដាងពីស្នេហារវាងមនុស្សនិងវិញ្ញាណ ដោយលើកឡើងពីរូបភាពនៃការចាំជាតិ វិញ្ញាណចងអាឃាត អ្នកស៊ីឈ្មួលចាំមរតកខ្មោច ជាពិសេសគឺតម្លៃអប់រំទៅកាន់អ្នកទស្សនាឱ្យត្រិះរិះអំពើល្អ និងអាក្រក់ដែលទទួលកម្មផលតបស្នង។



រឿងភាគ « វិញ្ញាណឃ្លានស្រឡាញ់» បានជ្រើសរើសទីតាំងថតសំខាន់ៗពីស្ថានីយបូរាណៗនៅលើទឹកដីខេត្ត សៀមរាប និងជាពិសេសនៅក្នុងភូមិគ្រិះ អភិមង្គល ដែលមានទីតាំងក្រុងពាលីរឿងស្ថិតនៅម្ដុំច្បារអំពៅ រាជធានីភ្នំ ជាទីតាំងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមក្រោយរៀបចំកម្មវិធីព្រឹត្តិការណ៍ « រាត្រីនៃការចងចាំ»។ តើសាច់រឿងមួយនេះទាក់ចិត្តិកម្រិតណានោះ មានតែរង់ចាំទស្សនានាពេលឆាប់ៗខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ស្ថានីយប៉ុស្តិ៍លេខ ៥៕



















