ទីក្រុង កៀវ របស់ប្រទេសអ៊ុយក្រែន បានសម្រេចលុបចោលការប្រារព្ធពិធីបុណ្យឯករាជ្យជាសាធារណៈនៅសប្ដាហ៍នេះ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការវាយប្រហាររបស់រុស្ស៊ីនៅក្នុងសង្រ្គាម ដែលអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃ ច័ន្ទ ទី ២២ ខែ សីហានេះថា សង្រ្គាមបានសម្លាប់ជនស៊ីវិលជិត ៥,៦០០នាក់ រួមទាំងកុមារ និង មនុស្សចាស់ជរាជាច្រើនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ២៣ ខែ សីហា ឆ្នាំ ២០២២។

ក្រុមជួរមុខនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់គ្រាប់រ៉ុក្កែតចូលទៅទីក្រុងជាច្រើននៅភាគខាងជើង និង ខាងលិចនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលកងកម្លាំងរុស្ស៊ីដណ្ដើមយកបានភ្លាមៗ បន្ទាប់ពីពួកគេបានឈ្លានពានអ៊ុយក្រែនក្នុងខែ កុម្ភៈ ឆ្នាំមុនមក។
ការបាញ់កាំភ្លើងធំ និង គ្រាប់រ៉ុក្កែត នៅជិតបរិវេណរោងចក្រនុយក្លេអ៊ែរ ហ្សាផូរីហ្សា (Zaporizhzhia) បាននាំឲ្យមានការអំពាវនាវឲ្យមានការរំសាយយោធាពីតំបន់នោះ។ ប្រជាជនអ៊ុយក្រែនដែលរស់នៅក្បែររោងចក្រនោះ បានសម្ដែងការភ័យខ្លាចថា គ្រាប់ផ្លោងអាចវាយប្រហារម៉ាស៊ីនរ៉េអាក់ទ័រមួយក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៦ របស់រោងចក្រនេះ ដែលអាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានថា ទីក្រុងម៉ូស្គូអាចសាកល្បង «អ្វីដែលអាក្រក់ និង សាហាវឃោឃៅ» នៅមុនថ្ងៃខួបឯករាជ្យលើកទី ៣១ ក្នុងថ្ងៃ ពុធ និង ជាខួបកន្លះឆ្នាំចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
ទោះបីជាទីក្រុង កៀវ ស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ ហើយកម្រទទួលរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី ចាប់តាំងពីកងទ័ពរុស្ស៊ីបើកការវាយលុកដើម្បីដណ្តើមយករដ្ឋធានីកាលពីខែកុម្ភៈ យ៉ាងណាក្ដី អាជ្ញាធរបានហាមប្រាមព្រឹត្តិការណ៍សាធារណៈទាក់ទងនឹងខួបឯករាជ្យពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ ដោយសារតែលទ្ធភាពនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី អាចនឹងកើតមានឡើង។
យុត្តាធិការផ្សេងទៀតក៏បានដាក់កម្រិតការជួបជុំជាសាធារណៈផងដែរ តួយ៉ាង នៅទីក្រុង កាកៀវ (Kharkiv) ដែលស្ថិតនៅក្រោមការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដ៏ញឹកញាប់ និងធ្ងន់ធ្ងរបំផុតនោះ។ អភិបាលក្រុង កាកៀវ លោក អ៊ីហ័រ តេរេកូវ (Ihor Terekhov) បានប្រកាសការពន្យារបម្រាមគោចរពេញមួយយប់ ពោលគឺចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ៧ ព្រឹក ចាប់ពីថ្ងៃ អង្គារ ដល់ថ្ងៃ ព្រហស្បតិ៍។

ចំណែកនៅក្នុងកំពង់ផែ មីកូឡេវ (Mykolaiv) ក្បែរទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូង អភិបាលតំបន់លោក វីតាលី គីម (Vitaliy Kim) បានលើកឡើងថា អាជ្ញាធរមានគម្រោងចេញបទបញ្ជាឲ្យអ្នកស្រុកធ្វើការពីផ្ទះនៅថ្ងៃអង្គារ និងថ្ងៃពុធ ហើយបានជំរុញប្រជាជនកុំឲ្យប្រមូលផ្តុំគ្នាជាក្រុមធំ។
នៅក្នុងសុន្ទរកថា នៅពេលល្ងាច លោក ហ្សេលេនស្គី (Zelensky) បានអំពាវនាវឲ្យមានវិធានការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីពីប្រទេសនៅអឺរ៉ុប ដែលកំពុងតែប្រឈមមុខនឹងការខ្វះខាតថាមពល បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសផ្អាកលំហូរឧស្ម័នរយៈពេល៣ថ្ងៃ ទៅកាន់ទ្វីបនេះ ក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើខ្លួន ដោយរុស្ស៊ីធ្លាប់លើកឡើងថា ការដាក់ទណ្ឌកម្មមកលើរុស្ស៊ីប្រៀបដូចជាកំពុងដាក់ទណ្ឌកម្ម និង ចាក់សាំងដុតខ្លួនឯង៕

