លោក ប៊ុត សីហា ហ៊ានចេញមកប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកសារជាថ្មីម្ដងទៀត ដោយលោកថានឹងក្រោកមកកាន់ក្បាលមេក្រូឡើងវិញនៅលើវិថីសិល្បៈចម្រៀងដូចមុន បន្ទាប់ពីលោកបាត់មុខអស់មួយរយៈពេល ហើយងាកទៅលូកដៃរកស៊ីលក់ដីឡូតិ៍នៅម្ដុំខេត្តតាកែវ។
អតីតម្ចាស់ពាន The Voice Cambodia រដូវដំបូងរូបនេះ ហាក់ដូចជាមានមហិច្ឆិតាចង់បានប្រជាប្រិយភាពខ្លាំងដូចកាលខ្លួននៅប្រឡងចម្រៀងឆ្នាំ 2014 បើទោះបីជាពន្លឺសិល្បៈរបស់ខ្លួនមើលទៅដូចភ្លើងអំពិលអំពែកនៅឡើយ។

លោក ប៊ុត សីហា បានប្រកាសឱ្យអ្នកគាំទ្រក៏ដូចជាសាធារណជនបានដឹងកាលពីពេលថ្មីៗនេះថា ពេលនេះលោកបានបង្កើតហ្វេសប៊ុកផេកថ្មីជាផ្លូវការ ហើយគណនីចាស់ៗរបស់លោកពីមុនត្រូវបានជនខិលខូចលួចយកទៅប្រើក្នុងផ្លូវមិនល្អ។ លោកបន្ថែមថា សព្វថ្ងៃនេះលោកមិនមានកុងត្រាជាមួយផលិតកម្មណាមួយទេ ដូច្នោះហើយលោកអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកពីមុនៗទាំងអស់ ងាកមកជួយលើកទឹកចិត្តគាំទ្រលោកដូចដើម ដើម្បីឱ្យលោកមានកម្លាំងចិត្តបន្តដំណើរនៅលើវិថីសិល្បៈចម្រៀងនេះឡើងវិញ។
ប៊ុត សីហា បានប្រកាសនៅលើហ្វេសប៊ុកខ្លួនទៀតថា លោកនឹងផលិតបទចម្រៀងថ្មីៗជាច្រើនបទទៀត បញ្ចេញនៅលើបណ្ដាញសង្គម ហើយលោក នឹងចាប់ដៃផលិតជាមួយអតីតបេក្ខជន Cambodian Idol រដូវកាលទី ៤គឺលោក សេក ដារ័ត្ន ហៅ ខេនឌី រួមគ្នាទាំងការច្រៀង និងរៀបចំបទចម្រៀង ដែលមិនជ្រកឱ្យផលិតកម្មណាមួយនោះឡើយ។ សកម្មភាពផ្សេងនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺចាប់ផ្ដើមប្រមូលអ្នកគាំទ្រឡើងវិញ ដោយ ប៊ុត សីហា ចាប់ផ្ដើម Live ច្រៀងផ្ទាល់ និងមានពេលខ្លះលក់ផលិតផលផងដែរ។ យ៉ាងក្ដីគេសង្គេតឃើញនៅក្នុង Comment នៅមានអ្នកស្រឡាញ់ និងគាំទ្រលោក ប៊ុត សីហា ក្នុងនាមជាតារាចម្រៀងដដែល។

គេនៅចាំបានថា លោក ប៊ុត សីហា បានបិទទំព័រប្រជាប្រិយភាពជាតារាចម្រៀងខ្លាំងមួយរូបបន្តិចម្ដងៗ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការទម្លាយពីអត្តចរឹតក្រអើតក្រទមក្នុងការធ្វើការជាមួយបណ្ដាផលិតកម្មដែលខំជួយជ្រោមជ្រែងលោក។ តែយ៉ាងហោចណាស់ តារាចម្រៀងមកខេត្តកំពង់ស្ពឺរបស់នេះ បានកែខ្លួនជាមនុស្សល្អឡើងវិញ ហើយក្រោយមកលោកលែងមានមុខចេញច្រៀងនៅក្នុងផលិតកម្ម ឬក៏ឡើងច្រៀងតាមបណ្ដា Concerts ធំៗទៀត តែយូរៗម្ដង គេឃើញលោកលេចមុខច្រៀងអកកាដង់តាមទីជនបទ។
ទោះជាយ៉ាងណាក្ដី គេនៅចាំអ៊ុតមើលថា តើលោក ប៊ុត សីហា អាចស្ដារឈ្មោះឱ្យងើបល្បីដូចមុនបានដែរឬទេ? ហើយអ្នកគាំទ្រលោករំពឹងថា ការវិលត្រឡប់មកជាថ្មីនៅពេលនេះ នឹងមិនធ្វើឱ្យពួកគេខកបំណងដូចមុនទៀតឡើយ៕



