
ក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម ប្រាក់ សុវណ្ណ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី ត្រូវបានគេមើលឃើញថាមានវត្តមាននៅតាមមូលដ្ឋានភូមិស្រុកជាមួយប្រជាជន និងមន្រ្តីមូលដ្ឋាន ច្រើនជាងនៅក្នុងសាលាខេត្ត។ នេះបើយោងតាមការពិនិត្យលើផេករដ្ឋបាលខេត្តព្រះវិហារ និងផេកហ្វេសប៊ុកផ្ទាល់របស់អភិបាលខេត្តវ័យក្មេងរូបនេះ។

នៅថ្ងៃទី៦ខែសីហា ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលត្រាអភិបាលខេត្តព្រះវិហារពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម គីម រិទ្ធី អមដោយភរិយា មន្រ្តី និងសហការី បានបង្ហាញវត្តមានមុនគេ នៅប្រាសាទព្រះវិហារ។ ឯកឧត្តមបានប្រារព្ធកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា និងព្រហ្មមញ្ញសាសនានៅទីនោះ និងបានជួបជាមួយក្រុមកងទ័ព។

«ជួបយុទ្ធមិត្តចាស់ ក្នុងមុខតំណែងថ្មី» ក៏ជាប្រយោគដែលឯកឧត្តម គីម រិទ្ធី សរសេរបង្ហោះជាលើកដំបូងក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារដែរ។ ភ្ជាប់ដោយរូបថតជាមួយមន្រ្តីរាជការស៊ីវិល កងទ័ព នគរបាល និងប្រជាជននៅទីនោះ ឯកឧត្តមបានប្ដេជ្ញា«ប្រឹងធ្វើការឱ្យបានល្អ កុំឱ្យខូចតម្លៃនៃការតែងតាំង និងបម្រើប្រជាជនប្រកបដោយយុត្តិធ៌និងគុណធម៌បំផុត»។

នៅថ្ងៃទី១០ ខែសីហា ឯកឧត្តម គីម រិទ្ធី បានចុះទៅពិនិត្យទឹកស្ទឹងជន់លិចផ្លូវមួយកន្លែងក្នុងក្រុងព្រះវិហារ ស្របពេលមានការហក់ឡើងនៃជំនន់ទឹកភ្លៀង។ គឺជំនន់ទឹកភ្លៀងនេះហើយដែលហាក់បានក្លាយជាវិញ្ញាសារដំបូងរបស់ឯកឧត្តម គីម រិទ្ធី។ នៅថ្ងៃទី១០ សីហា ដដែល ឯកឧត្តមក៏បន្តចុះទៅជួបនាយនិងពលទាហានតំបន់ប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្ត និងបានស្នើឱ្យត្រៀមជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋពីជំននន់ទឹកភ្លៀង។

មកដល់ថ្ងៃទី១៥ ខែសីហា ឯកឧត្តមក៏បានចុះហត្ថលេខាលើលិខិត២៣៨/២២ អំពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង។ បន្ទាប់មក គឺកាលពី២ថ្ងៃមុន ក្នុងពេលធ្វើដំណើរចុះទៅសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍តាដាតាវឹកដើម្បីស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ ឯកឧត្តមបានឆៀងពិនិត្យស្ថានភាពទឹកស្ទឹងសែនកំពុងហក់ឡើង ខណៈនៅថ្ងៃម្សិលមិញ ក៏បានបន្តពិនិត្យទឹកឡើងនៅតាមដងស្ទឹង និងអាងទឹកតាមបណ្ដោយព្រំដែនបន្ថែមទៀត។

បេសកកម្មសង្គ្រោះប្រជាជនពីជំនន់ទឹកភ្លៀង
មូលជើងខោ! នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី ដែលក៏ជាថ្នាក់ដឹកនាំមួយរូបនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែរនោះ រួមទាំងមន្រ្តីពាក់ព័ន្ធ បានចុះជួយជម្លៀសប្រជាពលរដ្ឋ១១គ្រួសារ ស្មើនឹងមនុស្ស៥២នាក់ពីជំនន់ទឹកភ្លៀងនៅស្រុកជាំក្សាន្ត។ នៅថ្ងៃនោះដែរ ក្នុងឋានៈជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម គន់ គីម ដែលជាឪពុកឯកឧត្តម គីម រិទ្ធី បានអញ្ជើញចុះទៅកាន់ទីនោះផងដែរ។

ជាការកត់សម្គាល់ នៅក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនពីជំនន់ទឹកភ្លៀងនោះ ឯកឧត្តម គីម រិទ្ធី បានសរសេរខ្លឹមសារភ្ជាប់ដោយរូបភាពវីដេអូបង្ហោះលើទំព័រហ្វេសប៊ុកខ្លួនរៀបរាប់ពីករណីស្រ្តីម្នាក់ឈ្មោះ ព្រឹក ណារ៉ាន់ ដែលបានទូរសព្ទមកឯកឧត្តមទាំងយប់ ដើម្បីស្នើសុំការជួយសង្គ្រោះពីជំនន់ទឹកភ្លៀងដ៏គួរឱ្យភ័យខ្លាច។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម គីម រិទ្ធី។
ម៉ោង៩យប់ ថ្ងៃទី២១សីហា មីងស្រីម្នាក់ឈ្មោះ ព្រឹក ណារ៉ាន់ បានហៅទូរសព្ទមកខ្ញុំ និយាយសម្លេងភ័យផងនិងយំផង លាយឡំនិងសំលេងទឹកហូរយ៉ាងខ្លាំង។ ពេលនោះគាត់បានប្រាប់ខ្ញុំថា គាត់កំពុងនៅផ្ទះចំការ ជាមួយកូន២នាក់ ទឹកទ្បើងដល់រនៀបហើយ មិនដឹងថាផ្ទះគាត់និងហូរតាមទឹកនៅពេលណា ហើយជីវិតរបស់ពួកគាត់មិនដឹងទៅជាយ៉ាងណា។ គាត់ត្រូវការជំនួយបន្ទាន់!
លោកអភិបាលស្រុកជាំក្សាន្ត បានរាយការណ៍ប្រាប់ខ្ញុំថា ផ្ទះចំការរបស់មីង ណារ៉ាន់ នៅជាង១គីទ្បូពីផ្លូវ ទឹកលិចនិងហូរខ្លាំង ហើយកំលាំងអន្តរាគមន៍ចូលមិនដល់។
ពេលនោះ ខ្ញុំមានជម្រើស២ គឺ ១-ប្រគល់ភារកិច្ចអោយលោកអភិបាលស្រុកដឹកនាំស្វែងរក និងស្តាប់របាយការណ៍ ឬ ២-ខ្ញុំនឹងដឹកនាំស្វែងរក មីង ណារ៉ាន់ ដោយផ្ទាល់ ជាមួយលោកអភិបាលស្រុក និងកំលាំងអន្តរាគមន៍ផ្សេងៗទៀត។
ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអស់ចិត្ត ហើយបើខ្ញុំមិនទៅដោយខ្លួនឯង ខ្ញុំខ្លាចស្វែងរកគាត់មិនឃើញ ហើយមិនដឹងជីវិតរបស់គាត់និងកូនៗទៅជាយ៉ាងណា។ ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំត្រូវតែទៅ ទោះបីរកគាត់ឃើញឬមិនឃើញក៏ដោយ។
ខ្ញុំបានស្នើសុំការអន្តរាគមន៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាការដ្ឋានអង្គរក្ស និងកងពលធំលេខ៣ ព្រមទាំងកំលាំងនរគបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីចេញកំលាំងអន្តរាគមន៍ជួយស្វែងរកមីង ណារ៉ាន់។
នៅទីបញ្ចប់ កម្លាំងអន្តរាគមន៍បានរកពួកគាត់ឃើញក្រោមមេឃងងឹត ភ្លៀងផង និងទឹកហូរផង នៅម៉ោង១២យប់។
សូមអរគុណឯកឧត្តម ស្រី ឌឹក និងកំលាំងអន្តរាគមន៍ទាំងអស់ ជាពិសេសបង ច័ន្ទ សុនខុន និងបង ង៉ែត ចាន់ថុន ដែលបានហែលទឹកទាំងមេឃងងឹតស្វែងរកឃើញផ្ទះចំការមីង ណារ៉ាន់ មុនគេ ហើយក៏បាននាំពួកគាត់មកដល់ទីទួលប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា ឯកឧត្តម គីម រិទ្ធី ធ្លាប់បំពេញភារកិច្ចជាអភិបាលរងខេត្តកណ្ដាល ហើយបន្តទៅកាន់មុខតំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមួយរយៈ មុនពេលសម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពីធីប្រកាសចូលកាន់មុខតំណែង នាថ្ងៃទី៥ ខែសីហានោះ បានបង្ហាញការជឿជាក់ថាតាមរយៈបទពិសោធន៍ជាអភិបាលរងខេត្តកណ្ដាលផងនោះ ឯកឧត្តម គីម រិទ្ធី នឹងបំពេញតួនាទីបានល្អ ពិសេសលើការងារបម្រើជាតិ និងប្រជាជនក្នុងខេត្តព្រះវិហារ ហើយសម្ដេចស្នើសុំមន្រ្តីនិងប្រជាជនខេត្តព្រះវិហារទាំងមូលគាំទ្រឯកឧត្តមក្នុងបេសកកម្មនេះ៕


