តំបន់ឆុងឈីង (Chonqging) និង ស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន បាននឹងកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅថ្ងៃ អង្គារ នេះ ខណៈប្រជាជនរំពឹងទុកថា សីតុណ្ហភាពក្ដៅខ្លាំងបំផុត និង ថយចុះដោយសារភ្លៀងធ្លាក់នាសប្ដាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Swissinfo.ch នាថ្ងៃ អង្គារ ទី ២៣ ខែ សីហា ឆ្នាំ ២០២២។
ក្រុមអ្នកព្យាករណ៍រដ្ឋបាននិយាយថា រលកកំដៅរបស់ប្រទេសចិនដែលមានរយៈពេលជាង ២ខែ ហៀបនឹងឈានដល់ «ចំណុចរបត់មួយ» ដោយមានផ្នែកខាងមុខត្រជាក់ បានលេចចេញមកពីទិសខាងលិច ហើយព្យុះទីហ្វុងកំពុងខិតមករកនៅភាគអាគ្នេយ៍។

ដោយមជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយនៅលើបណ្ដាញសង្គម Weibo ផ្លូវការរបស់ខ្លួនថា ទោះបីជាប្រទេសចិននៅតែស្ថិតក្នុងការប្រកាសអាសន្នពណ៌ក្រហម សម្រាប់ថ្ងៃទី១២ ក៏ដោយ ប៉ុន្ដែសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងផ្នែកខ្លះនៃភាគកណ្ដាលនៃប្រទេសចិន នៅថ្ងៃ ពុធ សប្ដាហ៍នេះ ហើយនៅក្នុងខេត្ត ឆុងឈីង (Chonqging) និង ស៉ីឈួន (Sichuan) សីតុណ្ហភាពនឹងធ្លាក់ចុះចាប់ពីថ្ងៃទី ២៩ ខែ សីហា ទៅ។
ទន្ទឹមនោះអាជ្ញាធរបានបង្កើន «ការជូនដំណឹងព័ណ៌ក្រហម» នៅថ្ងៃអង្គារនេះ ដោយព្រមានថាស្ថានភាពគឺ «គ្រោះថ្នាក់ខ្លាំង» នៅក្នុងតំបន់ព្រៃនៃភាគកណ្តាល, ភាគខាងត្បូងតំបន់ឆុងឈីង និង ភាគខាងកើតតំបន់ស៉ីឈួន។ មន្រ្តីពន្លត់អគ្គីភ័យរដ្ឋចំនួនជាង ២,៨០០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីនោះដើម្បីជួយគ្រប់គ្រងស្ថានការណ៍។ ជាមួយគ្នានេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន ក៏បានព្រមានថា ខេត្តជាំងស៉ី (Jiangxi), ហួណាន (Hunan) និង ឈុយស៊ូ (Guizhou) ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ និងវាលស្មៅ ផងដែរ។

ទីក្រុង Chongqing និង Sichuan ជាកន្លែង ដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតា ប្រមាណ ៨០% ត្រូវប្រឈមនឹងភ្លើងឆេះព្រៃចំនួន ១៩លើក ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក នេះបើយោងតាមសេវាព័ត៌មានហិរញ្ញវត្ថុ Caixin ទោះបីជាមិនទាន់មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ និង រងរបួសក៏ដោយ។
សូមជម្រាបថា កសិករនៅក្នុងទីក្រុង Chongqing ក៏បាននឹងកំពុងដំឡើងប្រព័ន្ធធារាសាស្រ្តបណ្តោះអាសន្ន ដើម្បីសង្រ្គោះដំណាំរបស់ពួកគេ ហើយធ្វើការនៅពេលយប់ដើម្បីជៀសវាងកំដៅខ្លាំង នេះបើយោងតាមរូបភាពដែលបានបង្ហោះលើបណ្ដាញសង្គម។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតរយៈពេលវែង អាចនឹងអូសបន្លាយរហូតដល់ខែក្រោយ ជាមួយនឹងហានិភ័យនៃការប្រមូលផលនារដូវស្លឹកឈើជ្រុះ៕

