បុរសម្នាក់ឈ្មោះ ប៊ិន ឆារ៉ាន់ បានបង្ហោះរូបភាពជាច្រើនសន្លឹក​បង្ហាញជូនសម្ដេចតេជោ និងសាធារណៈជននូវស្នាដៃស្មូននិងឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន ពីដីឥដ្ឋដែលមើលទៅមានលក្ខណៈដូចគ្នាស្ទើទាំងស្រុងទៅនឹងរូបភាពពិតរបស់សម្ដេចតេជោ។ មានមហាជនជាច្រើននាក់បានចូលទៅបញ្ចេញយោបល់ និងចែករំលែកការបង្ហោះនេះជាបន្តបន្ទាប់។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បង្ហោះកាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ លោក ប៊ិន ឆារ៉ាន់ ដែលរស់នៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានសរសេរសារខ្លីគោរពផ្ញើជូនសម្ដេចតេជោ ក្នុងន័យដើមថា«ឱ្យកូនសូមទោសផងដែលកូនឆ្លាក់រូបសម្តេចពុកដោយមិនបានសុំការអនុញ្ញាតិពីសម្តេចពុកជាមុនសិន»។


បើតាមលោក ឆារ៉ាន់ ការស្មូននិងឆ្លាក់រូបសម្ដេចតេជោ ហ៊ុន សែន គឺលោកគ្មានបំណងអ្វីផ្សេងក្រៅតែពីការចង់បង្ហាញស្នាដៃរបស់ខ្លួននោះឡើយ ដោយលោកបានបន្តថា«កូនគ្រាន់តែចង់បង្ហាញស្នាដៃនិងទេពកោសល្យរបស់កូនខ្មែរយើងថាខ្មែរអាចធ្វើបាន»។ ជាមួយនឹងសំណេរនេះ លោក ប៊ិន ឆារ៉ាន់ ក៏បានផ្ដល់លេខទូរសព្ទទំនាក់ទំនង 012 20 40 22 ផងដែរ៕

Share.