ភ្នំពេញ៖បុរសពីរនាក់ប្ដីប្រពន្ធជិះរ៉ឺម៉កម៉ូតូគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចស្តុបចេនឡាកែងជាមួយផ្លូវម៉ៅសេទុង ក៏បើកឆ្លងស្តុបទាំងពណ៌ក្រហម ក៏ជ្រុលទៅបុករថយន្ដព្រួសមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BC-2998 ដែលធ្វើដំណើរឆ្លងផ្លូវមក បណ្ដាលឱ្យរថយន្តព្រូសរងការខូចខាត បែកកាងនិងស្ដុបផ្នែកខាងមុខអស់មួយចំហៀង ឯរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើង តែជាសំណាងល្អមិនបង្កឲ្យមានអ្នករបួសនោះទេ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងកាលពីវេលាម៉ោង 2:30 យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 24 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមាន របស់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឲ្យភាគទាំង 2 ដោយភាគីរ៉ឺម៉កម៉ូតូព្រមចេញសងថ្លៃការខូចខាត ទៅភាគីខាងរថយន្ដព្រូសដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត

Share.