ភ្នំពេញ៖បុរសជនជាតិបរទេសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក PORSCHE ពណ៌ស១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AP-8818 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចហ៊ុនសែន ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជាមួយរថយន្តព្រុសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BD-5939 ដែលចតចោលនៅខាងស្ដាំដៃ បណ្ដាលឱ្យរថយន្តព្រូស រងការខូចខាតផ្នែកខាងក្រោយដោយដាច់កាឡេកង់អស់មួយចំហៀង។ ចំណែករថយន្តស៊េរីទំនើបម៉ាក PORCHE រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ដោយបែកកាងនិងដាច់កាលេអស់មួយចំហៀងដែរ។ តែជាសំណាងល្អមិនបង្ករឲ្យមានអ្នករបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 12:30 នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 24 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុគេសង្កេតឃើញមានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំងពីរ ដោយភាគីម្ចាស់រថយន្តស៊េរីទំនើបព្រមចេញថ្លៃសងការខូចខាត ទៅភាគីរថយន្ដព្រូសចំនួន 1500 ដុល្លារ ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត
