
បន្ថែមលើកិច្ចខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សរបស់ខ្លួននោះ លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្ដាល បាននិមន្តព្រះសង្ឃសូត្រព្រះធម៌ជយន្តោ សុំពរជ័យដល់សិស្សានុសិស្សរបស់ខ្លួនថែមទៀត ពិសេសសិស្សថ្នាក់ទី១២ ឆ្នាំ២០២២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាពេលខាងមុខ។
តាមរយៈទំព័រហ្វេសប៊ុក មានឈ្មោះ ថា វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង | Facebook គេឃើញព្រះសង្ឃ៣អង្គ និមន្តជយន្តោ ប្រោះព្រំទឹកមន្តចម្រើនសិរីសួស្ដី និងជោគជ័យដល់សិស្សានុសិស្សទាំងនៅតាមបន្ទប់រៀន និងនៅក្នុងបរិវេណវិទ្យាល័យ ខណៈសិស្សានុសិស្សក៏បានបង្អោនកាយលើកដៃសំពះស្ដាប់ព្រះធម៌ និងទទួលទឹកមន្តពីព្រះសង្ឃដោយចិត្តជ្រះថ្លា។

«ថ្ងៃជោគ ថ្ងៃជ័យ សិរីសួស្តី ចូលមានដល់ពួកយើងទាំងអស់គ្នា!» នេះជាសម្រង់សំណេរបង្ហោះលើទំព័រហ្វេសប៊ុកវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដែលបានបន្តថា«សូមគោរពថ្លែងអំណរគុណ ព្រះគុណម្ចាស់ដែលបាននិមន្តប្រោះព្រំទឹកមន្ត និងសូត្រព្រះធម៌ជយន្តោក្នុងថ្នាក់ គ្រប់ថ្នាក់ គ្រប់បន្ទប់ បរិវេនទីធ្លា និងសូត្រ យកជ័យ ជូនកូនៗទី១២ (2022) ប្រឡងនៅពេលខាងមុខ នេះឲ្យទទួលបានជោគជ័យ ព្រមទាំងបាននិទ្ទេសល្អ»
កាលពីឆ្នាំ២០២១ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង មានសិស្ស២នាក់ជាប់និទ្ទេសA។ ភ្ជាប់នឹងការផ្សព្វផ្សាយកិច្ចតាមប្រពៃណីសាសនានេះដែរ ផេកវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ក៏បានស្រង់សង្ឃដីការផ្ដាំណែនាំពីព្រះសង្ឃក្នុងន័យសេចក្ដីដើមថា «ព្រះអង្គសុំឲ្យកូនៗ ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ជូនពរកូនៗទទួលបានជោគជ័យទាំងអស់គ្នា»។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានកំណត់កាលបរិច្ឆេទប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៤វិច្ឆិកា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ប៉ុន្តែបានលើកទៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ជាវិទ្យាល័យចំណាស់ជាងគេ ក្នុងចំណោមវិទ្យាល័យចំនួន៣នៃស្រុកល្វាឯម ខេត្តកណ្ដាល៕







