ក្រចេះ៖ រថយន្ត១គ្រឿង ត្រូវទឹកហូរបុកធ្លាក់ពីលើខ្នងទំនប់ទឹកថ្ពង បណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន និង៣នាក់ទៀតរងរបួសត្រូវប្រជាពលរដ្ឋជួយសង្រ្គោះដឹកបញ្ជូនទៅមន្ទីពេទ្យ។
ហេតុការណ៍នេះទឹកហូរគួចរថយន្ត១គ្រឿងមានមនុស្ស ៤នាក់ធ្លាក់ចូលទៅក្នុងទឹកនេះ កើតឡើងកាលពីវេលាម៉ោង១២: ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២២នៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុមានភ្លៀងខ្លាំង ហើយទំនប់ទឹកនៅទីតាំងកើតហេតុ គឺមានទឹកហូរបុកឡើងខ្លាំង ស្របពេលនោះក៏មានរថយន្ត១គ្រឿងបានបើកឆ្លងកាត់ ចាំពេលកម្លាំងទឹកហូរខ្លាំង ក៏រអិលធ្លាក់ពីលើខ្នងទំនប់ហូរកួចចម្ងាយប្រមាណជាង១០០ម៉ែត្រ។
ជនរងគ្រោះទាំង៤នាក់ទី១ ឈ្មោះ ឈួន រតនះ ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជាអ្នកបើកបរ។ ទី២ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ៣១ឆ្នាំ។
ទី៣ឈ្មោះ អ៊ុច សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ អ្នកទាំង៣ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ដោយឡែកជនរងគ្រោះម្នាក់ ទៀតឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងបាត់ខ្លួនរកពុំទាន់ឃើញ។

បើតាមសមត្ថកិច្ចស្រុកស្នួលបានឱ្យដឹងថា ជនរងគ្រោះមានគ្នា ៤នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹក ប្រាក់ ស៊េរីឆ្នាំ២០០៥ពាក់ស្លាកលេខភ្នំពេញ2AY.8448 ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងលិចផ្លូវខ្នងទំនប់ ស្រាប់តែជនរងគ្រោះបានបើករថយន្តឆ្លងកាត់ក៏ប៉ើងរថយន្តចូលទៅក្នុងប្រឡាយទឹកទំនប់ បណ្តាលរថយន្តរងការខូចខាតទាំងស្រុង រីឯមនុស្ស៣នាក់ត្រូវគេជួយសង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។ រីឯម្នាក់ទៀតត្រូវទឹករហូតទៅបាត់ រហូតដល់វេលាម៉ោង១០ ព្រឹកនេះ នៅមិនទាន់រកឃើញនៅឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ទាញយករថយន្តចេញពីក្នុងទឹក និងស្វែងរកជនរង គ្រោះឈ្មោះ ទិត្យ មេសា ដែលកំពុងបាត់ខ្លួន។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅតំបន់នោះ ក៏បានស្នើសុំទៅដល់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញជួយជួសជុលនិងធ្វើបង្កាន់ដៃនៅលើខ្នងទំនប់ទឹកមួយនេះផង ដើម្បីទប់ស្កាត់កុំអោយមានឧប្បត្តិហេតុដូចនេះតទៅទៀត ព្រោះកន្លងមកក៏ធ្លាប់មានម៉ូតូរអិលធ្លាក់ទឹកនៅទីតាំងខាងលើង ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសផងដែរ៕


