តុលាការធម្មនុញ្ញថៃ បានបោះឆ្នោត ៥ ទល់ ៤ ដើម្បីបញ្ជាឲ្យព្យួរតំណែងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ពីតួនាទី។ ដីការបស់តុលាការបានធ្វើឡើងបន្ទាប់ពីសម្រេចទទួលយកញត្តិដែលបានបញ្ជូនពីសភាទៅតុលាការកាលពីថ្ងៃទី ២២ ខែ សីហា ដើម្បីសុំឲ្យធ្វើសេចក្ដីសម្រេចលើការកាន់តំណែងជានាយករដ្ឋមន្រ្តីរយៈពេល ៨ឆ្នាំ របស់លោក ប្រាយុទ្ធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២។

យោងតាមសារព័ត៌មានថៃ The National Thailand បានដកស្រង់សម្ដីរបស់ឧបនាយករដ្ឋមន្រ្តី វីសានុ គ្រៀងាំ យកមកចេញផ្សាយកាលពីថ្ងៃទី ០២ ខែ ឧសភា ថា ឧបនាយករដ្ឋមន្រ្តីថៃ លោក ប្រាវីដ វង់ស៊ូវ៉ាន់ អាចនឹងមកបន្ដតំណែងពីលោក ប្រាយុទ្ធ ចាន់អូចា ជាបណ្ដោះអាសន្ន ប្រសិនបើតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងរបស់លោក ប្រាយុទ្ធ បន្ទាប់់ពីលោកបានកាន់តំណែងអស់រយៈពេល ៨ឆ្នាំ។

លោក វង់ស៊ូវ៉ាន់ បាននិយាយថា លោកនឹងក្លាយជាមនុស្សទី២ ដែលត្រូវបន្ដតំណែងពីលោក ប្រាយុទ្ធ ជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្នរហូតដល់ខែ មីនា ឆ្នាំ ក្រោយ ដែលជាពេលដែលអាណត្តិនៃសភាបច្ចុប្បន្នត្រូវបញ្ចប់។ នៅពេលដែលនាយករដ្ឋមន្រ្តីបណ្ដោះអាសន្នត្រូវបានជ្រើសរើស ប្រធានសភា នឹង បើកកិច្ចប្រជុំមួយដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីពីបញ្ជីដែលបានដាក់ដោយគណបក្សនយោបាយចំនួន ៥ ដែលមានបុគ្គល ៥រូប ជាប្រធានបក្សនីមួយៗ មានដូចជា៖ លោក អាប់ភីស៊ីត វីចាជីវ៉ា លោក អនុធីន ឆានវិរ៉ាកុន លោក ឆៃកាសែម និសិរិ លោក សុរ៉ាត់ន៍ កេយុរ៉ាផាន់ និង លោក ឆាត់ឆាត សីទ្ធិផាន់។

ប៉ុន្ដែប្រសិនបើសភាបដិសែធបេក្ខភាពណាមួយក្នុងបញ្ជី សមាជិកសភាអាចស្នើបេក្ខភាពខាងក្រៅបាន តែពួកគេត្រូវតែទទួលបានសំឡេងគាំទ្រយ៉ាងតិច ៥០០សំឡេង នៃសំឡេងឆ្នោតសរុប ៧៥០សំឡេង។

សូមជម្រាបថា ធម្មនុញ្ញថៃ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃលើសពី ២អាណត្តិ ឬ លើសពី ៨ឆ្នាំ វិលមកកាន់តំណែងសារជាថ្មីវិញបានឡើយ។

គួររំលឹកថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងតំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៤ បន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារយោធាទម្លាក់តំណែងលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត់ត្រា ខណៈបច្ចុប្បន្ននេះមិនទាន់មានដំណឹងណាបញ្ជាក់ថា តើនរណាត្រូវមកបន្ដតំណែងពីលោក ប្រាយុទ្ធ នោះឡើយ៕

ប្រភព៖ Bangkok Post & The National Thailand

Share.