សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។

បើតាមខ្លឹមសារលើទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានជម្រាបសម្ដេចក្រឡាហោមនូវចំណុចចំនួន៥ធំៗ ដើម្បីសុំការពន្យល់ពីសម្ដេច ក្នុងនោះបញ្ហាទីមួយគឺពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋនិងសិទ្ធនយោបាយ, បញ្ហាទីពីរគឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនូវការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, បញ្ហាទីបីគឺការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, បញ្ហាទីបួនគឺអំពីការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាទីប្រាំគឺអំពីកិច្ចសហប្របត្តិការ និងជំនួយអាទិភាពផ្សេង២របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ឆ្លើយតបចំពោះចំណុចទីមួយ អំពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថាកម្ពុជាតែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងនោះជាចំណុចសំខាន់គឺការបោះឆ្នោតយ៉ាងទៀងទាត់ រួមមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជាតិ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ និងការបោះឆ្នោតព្រឹទ្ធសភា។

សម្តេចក៏បានជម្រាបជូនថា កម្ពុជាពិតជាមានមោទនភាព ក្នុងនាមជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវសង្គ្រាមដ៏ជូរចត់ហើយបានរកឃើញផ្លូវមួយសម្រាប់ការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យទទួលបាននូវសុខសន្តិភាព និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ សម្តេចក៏បានជម្រាបជូនថាជាការពិតនូវអ្វីដែលកម្ពុជាទទួលបានមកដល់បច្ចុប្បន្ននេះក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ ក៏មានការចូលរួមចំណែក និងការជួយជ្រោមជ្រែងពីបណ្ដាមិត្តភក្តិរបស់កម្ពុជា រួមទាំងពីរអង្គការសហប្រជាជាតិផងដែរ។

សម្ដេចបន្តថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ កម្ពុជាកត់សម្គាល់ឃើញនូវវឌ្ឍនភាពស្ដែងតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការបោះឆ្នោតនាពេលកន្លងទៅថ្មីៗនេះ ក៏ទទួលបាននូវការពេញចិត្ត ដោយហេតុថាគណបក្សនយោបាយ និងប្រជាពលរដ្ឋបានចូលរួមដោយសេរី ហើយការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាឬ ការបង្កឡើងនូវរបួសស្នាម ឬក៏ការធ្វើឃាតនយោបាយណាមួយនោះដែរ។

ចំពោះសិទ្ធិនយោបាយ សម្ដេចក្រឡាហោមក៏បានជម្រាបជូនថាបច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន៤៥គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏មានអង្គការមិនមែនរដ្ឋាភិបាលអង្គការNGOsជាច្រើនបាននិងកំពុងអនុវត្តសកម្មភាពរបស់ខ្លួនដែលអង្គការទាំងនោះមានទាំងអង្គការដែលមានជំហរគាំទ្រ និងមិនគាំទ្ររាជរដ្ឋាភិបាលដែលពួកគេបំពេញការងារទៅតាម មុខងាររបស់គេរៀង២ខ្លួន។

ចំពោះបញ្ហាទីពីរ គឺប្រព័ន្ធគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្ដេចក្រឡាហោម បានជម្រាបជូនថា ជាការពិតណាស់កិច្ចការងារនេះគឺនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួងកំពុងតែខិតខំដោះស្រាយនិងរៀបចំឲ្យបានល្អប្រសើរ និងថាបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់កែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដើម្បីដោះស្រាយបញ្ហាប្រឈមនៃភាពចង្អៀតណែនក្នុងពន្ធនាគារ។

សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃក៏កំពុងសហការជាមួយនឹងក្រសួងយុត្តិធម៌ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជាការដោះលែងក្រោមលក្ខខណ្ឌនិងការតាមដានរបស់តុលាការ និងមួយទៀតគឺការសិក្សាទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឲ្យការឃុំឃាំង ដោយកិច្ចការទាំងនេះត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាដល់ប្រសិទ្ធភាពយន្ដការ ក៏ដូចជារួមចំណែកកាត់បន្ថយនូវ ភាពមិនចង្អៀតណែនក្នុងពន្ធនាគារផង។

ចំពោះបញ្ហាទីបី ពាក់ព័ន្ធទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថាជាង៥០ភាគរយនៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន ដោយសួងមហាផ្ទៃកំពុងតែយកចិត្តទុកដាក់ដើម្បីបន្តដោះស្រាយបញ្ហានេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារនីតិសម្បទាគ្រឿងញៀន និងការលើកទឹកចិត្តដល់រាជធានី ខេត្ត ក្នុងការបន្តគាំទ្រដល់ការបង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារនីតិសម្បទានៅក្នុងរាជធានី ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯកជន ដើម្បីគាំទ្រដល់កិច្ចការនេះ។

សម្តេចក៏បានជម្រាបជូនទៀតថា សម្ដេចសូមស្វាគមន៍ចំពោះការចូលរួមរបស់ភ្នាក់ងារពាក់ព័ន្ធនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានា នៅក្នុងកិច្ចការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាផ្តល់នូវលទ្ធភាពឲ្យកាន់តែច្រើនថែមទៀតប្រកបដោយប្រសិទ្ធភាពក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ។

ដោយឡែកបញ្ហាទីបួន ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ សម្ដេច បានជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន ថាកម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយហេតុថាពួកឧក្រិដ្ឋជនបានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួនហើយយកកម្ពុជាជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ។

សម្ដេចក្រឡាហោមក៏បានជម្រាបជូនលោកសាស្ត្រាចារ្យអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងមហាផ្ទៃក្នុងការចាត់វិធានការជាបន្តបន្ទាប់ ហើយបានបង្ក្រាបក៏ដូចជាជួយសង្គ្រោះជនរងគ្រោះបានអស់ជាច្រើននាក់នៅក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ។ សម្ដេចឱ្យដឹងថានាពេលឆាប់ៗនេះសម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះព្រមទាំងដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់។

ពាក់ព័ន្ធនឹងបញ្ហាទីប្រាំ គឺកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសផ្សេងៗវិញ សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថាសម្ដេចផ្ទាល់សូមថ្លែងអំណរគុណចំពោះលោកសាស្ដ្រាចារ្យដែលបានលើកឡើងនូវបញ្ហាជាមួយគ្នា ហើយសម្ដេចក៏បន្តគាំទ្រលើកទឹកចិត្តឲ្យមានការជជែកពិភាក្សាបន្ថែមទៀត ពីសំណាក់តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាមួយមន្ត្រីពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យជាក់ស្តែងទៅលើអ្វីដែលជាតម្រូវការ និងអាចភាគីទាំងពីរធ្វើការសហការ និងគាំទ្រគ្នាទៅវិញទៅមក៕

Share.