នៅចាំបានទេ អតីតបេក្ខជន The Voice Cambodia រដូវកាលដំបូងដែលមានទឹកដមសំឡេងពីរោះក្រអួនក្រអៅ គឺលោក រស់ សេរីសុភា ស្រាប់តែថ្មីៗនេះ គេទទួលដំណឹងមកថា លោកកំពុងសង្គ្រោះបន្ទាន់នៅបន្ទប់ ICU និងមានការបញ្ជាក់ថា លោកតម្រូវឱ្យមានការវះកាត់បេះដូងជាបន្ទាន់ ក៏ប៉ុន្តែលិទ្ធភាពលោកកំពុងតែខ្វះខាត។ នេះបើតាមការបញ្ជូនដំណឹងឱ្យមហាជនពីលោក ម៉ាដូណា ជាតារាសម្ដែង និងកំប្លុកកំប្លែង។

តាមរយៈការរៀបរាប់អំពាវនាវនៅលើបណ្ដាញសង្គមហ្វេសប៊ុកលោក ម៉ាដូណា បាននិយាយថា ៖ «🙏តាមទឹកចិត្តពុកម៉ែបងប្អូន 1$2$ ដូចបានធ្វើបុណ្យ7វត្ត អនុគ្រោះជួយshare អោយបងប្អូនគាត់បានឃើញផង ប្អូនប្រុសមានឈ្មោះ រស់ សេរីសុភា ត្រូវការវះកាត់បេះដូងបន្ទាន់) ឥឡូវបេះដូងរត់នៅសល់ត្រឹមតែ30ទេ នៅពេទ្យរុស្សី សំរាប់ព័ត៌មានស្ថានភាពជំងឺច្បាស់លាស់ បងប្អូនអាចទាក់ទងលេខទូរស័ព្ទមិត្តភក្តិគាត់ 081 981 888 (Vireak bot) ថវិការអាចផ្ញើតាមរយៈ ABA : 000 581 828 (sok so vichea)»។

តាមសម្ដីរៀបរាប់របស់លោក រស់ សេរីសុភា នៅក្នុងវីដេអូឃ្លីបបានឱ្យដឹងថា នៅពេលធ្លាក់ខ្លួនឈឺ និងនិយាយមិនសូវចេញនោះ លោកក៏មិនបានដឹងថា លោកមានជំងឺអ្វីពិតប្រាកដនោះដែរ ប៉ុន្តែបានទិញថ្នាំផ្សំលេបទៅតាមអាការៈជំងឺសភាពជាក់ស្ដែង។ លុះដល់ពេលធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ហើយដឹងខ្លួនថាផឹកថ្នាំលែងត្រូវហើយនោះ ទើបលោកសម្រេចចិត្តទៅជួសឈាម នៅទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ នៅពេលនេះលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយស្ថានភាពជីពចរបេះដូងរបស់លោកនៅសល់ ៣០ ទេ។

ក្រោយពីមានការបង្ហោះអំពាវនាវពីលោក ម៉ាដូណា គេមើលឃើញថា មានមហាជនមួយចំនួនលោកមានទឹកចិត្តសណ្ដោស និងបានជួយជាថវិកាបន្តិចបន្តួចតាមសណ្ដាន ជួយដល់លោក រស់ សេរីសុភា ដើម្បីទទួលបានការវះកាត់បេះដូងផងដែរ។ សូមវត្ថុស័ក្ដសិទ្ធតាមថែរក្សាលោក និងជួយឱ្យលោកបានឆាប់ជាសះស្បើយពីជំងឺ៕

