ភ្នំពេញ៖បុរសម្នាក់បានបាត់ម៉ូតូហុងដាស្គុបពីមួយគ្រឿងក្រោយចូលហូបអីនៅហាងសាច់អាំងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 9:30 យប់ថ្ងៃទី 24 ខែសីហា ឆ្នាំ 2022នៅចំណុចហាង ហេងមែន សាច់អាំងទឹកកាពិ នៅតាមបណ្ដោយផ្លូវលេខ 160 កែងជាមួយផ្លូវលេខ 265 ក្នុងសង្កាត់ទឹកល្អ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះ ដំបូងឡើយខ្លួនបានជិះម៉ូតូហុងដាស្គុបពីមួយគ្រឿង ពណ៌សស៊េរីឆ្នាំ 2015 ពាក់ស្លាក លេខភ្នំពេញ 1FJ-5511 រួមជាមួយមិត្តភក្កិពីរបីនាក់ផ្សេងទៀត បានចូលទៅហូបសាច់អាំង នៅហាងខាងលើតាំងពីម៉ោង 3 រសៀល រហូតដល់ម៉ោង 9 យប់ទើបឈប់បែកផ្លូវគ្នាទៅផ្ទះវិញរៀងៗខ្លួន ស្រាប់តែចេញ មកយកម៉ូតូ ដោយដៃកាន់សំបុត្រដែលសន្តិសុខហែកឲ្យតាំងពីថ្ងៃ តែរកមិនឃើញហើយត្រូវបានសន្តិសុខប្រាប់ ថា ម៉ូតូត្រូវបានមិត្តភក្កិបងយកចេញទៅបាត់ហើយ។ ពេលនោះខ្លួនក៏បានតេសួរមិត្តភក្កិប្រាប់ថាមិនបានយកមកទេ។ទើប សុំ ឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាង តែម្ចាស់ហាងបានប្រាប់ថាកាមេរ៉ាសុវត្ថិភាពមិនបានថតវីដេអូទុកនោះទេ។ ប្រភពដដែលបានបន្តទៀតថា ខ្លួនបានសុំការសហការជួយសម្របសម្រួលចេញថ្លៃការបាត់បង់ម៉ូតូ តែម្ចាស់ហាងមិនព្រម ទើបខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់2 បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ។

ក្រោយពីមានកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាក្រុមអ្នកសារព័ត៌មាន បានចុះទៅផ្សព្វផ្សាយព្រោងព្រាត ទើបម្ចាស់ហាងចេញមកនិយាយដោយខ្លីថាករណីនេះខ្លួនកំពុងតែចរចាសម្របសម្រួលជាមួយភាគីជនរងគ្រោះនៅឯប៉ុស្តិ៍នរគបាល។
ដោយសារតែយប់ជ្រៅពេកភាគីម្ចាស់ហាង បានសុំធ្វើការដោះស្រាយជាមួយភាគីម្ចាស់ម៉ូតូនៅព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២២នេះ៕

អត្ថបទ៖លី សុភ័ស្ត
