យោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Catania ក្នុងប្រទេស អ៉ីតាលី បានឲ្យដឹងថា បុរសជនជាតិអ៉ីតាលីម្នាក់ បានធ្វើតេស្ដវិជ្ជមានជំងឺចំនួន៣ បន្ទាប់ពីត្រឡប់មកពីដំណើរកំសាន្ដរយៈពេល៥ថ្ងៃ នៅប្រទេស អេស្ប៉ាញ និង បានចេញរោគសញ្ញាចម្លែកបន្ទាប់ពីត្រឡប់មកអ៉ីតាលីវិញរយៈពេល ៩ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន News Week នាថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ សីហា ឆ្នាំ ២០២២។

អ្នកវិទ្យាសាស្រ្តបាននិយាយប្រាប់ទស្សនាវដ្ដី Journal Of Infection ថា បុរសរូបនោះមានអាយុ ៣៦ឆ្នាំ បានធ្វើតេស្ដវិជ្ជមានជំងឺ អេដស៍ កូវីដ១៩ និង ជំងឺ អុតស្វា ក្នុងពេលតែមួយ ដោយបានចេញរោគសញ្ញាក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង និង ឈឺក្បាល ជាលទ្ធផលនៃការឆ្លងមេរោគនេះរួមគ្នា។

បច្ចុប្បន្នមានមនុស្ស ៦៣២,៤លាននាក់ បានរស់នៅជាមួយមេរោគទាំង៣ ដោយឡែកពីគ្នា។ ខណៈអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មានករណីឆ្លងកូវីដ១៩ ជាង ៥៩៤លាននាក់ ករណីជំងឺអុតស្វាចំនួន ៤៤,៥០៣ករណី ឆ្លងរាលដាលនៅទូទាំងពិភពលោកគិតត្រឹមថ្ងៃ ពុធ សប្ដាហ៍នេះ និង មនុស្សជាង ៣៨លាននាក់ទៀត ត្រូវបានអង្គការសុខភាពពិភពលោករាយការណ៍កាលពីខែ កក្កដា ថា កំពុងតែផ្ទុកមេរោគអេដស៍នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២១។

ដោយសារនេះ គឺជាករណីកម្រតែ ១គត់ ដែលជំងឺអេដស៍ កូវីដ១៩ និង អុតស្វា កើតឡើងក្នុងពេលតែមួយ គេមិនមានភ័ស្ដុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «ការកើតឡើងនៃជំងឺទាំង៣ ព្រមគ្នានេះ អាចធ្វើឲ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ឬ អត់នោះទេ»៕

