នាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានតុលាការរដ្ឋធម្មនុញ្ញព្យួរតំណែង លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំក្រសួងការពារជាតិនាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ ក្រោមវត្តមានមន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពិចស្រពិលនៃនយោបាយក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Post នាថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ សីហា ឆ្នាំ ២០២២។

លោក ប្រាយុទ្ធ វ័យ ៦៨ឆ្នាំ បានរក្សាតំណែងគណៈរដ្ឋមន្រ្តីរបស់លោក ជារដ្ឋមន្រ្តីការពារជាតិ បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានព្យួរតំណែង និង ផ្អាកការងារជានាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃ ពុធ ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោកតាមរដ្ឋធម្មនុញ្ញ តែមិនបានផ្ដល់កាលបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។

លោក ប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចចិត្តរបស់តុលាការទេ ហើយក៏មិនច្បាស់ថា តើលោកនឹងនិយាយអំពីបញ្ហានេះដែរ ឬ អត់នៅក្នុងកិច្ចប្រជុំ នាថ្ងៃ ព្រហស្បតិ៍នេះ។

T

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃ ពុធ ថា លោក ប្រាយុទ្ធ គោរពការលើសម្រេចចិត្តរបស់តុលាការ ហើយបានជំរុញឲ្យសាធារណជនទទួលយកដូចគ្នា ខណៈរដ្ឋាភិបាលនឹងដំណើរការជាធម្មតា។

ចំពោះអ្នកត្រូវមកបន្ដតំណែងពីលោក ប្រាយុទ្ធ គឺជា ឧបនាយករដ្ឋមន្រ្តី ប្រាវីដ វង់ស៊ូវ៉ាន់ អាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម និង ជាអតីតមេទ័ពដែលមានទំនាក់ទំនងជាយូរអង្វែងជាមួយលោក ប្រាយុទ្ធ ដោយលោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន ប៉ុន្ដែលោក ប្រាវីដ មិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាសាធារណៈនាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះឡើយ។

សូមជម្រាបថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងតំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៤ បន្ទាប់ពីលោកបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០១៤ និង បានក្លាយជានាយករដ្ឋមន្រ្តីស៊ីវិលនៅឆ្នាំ ២០១៩ បន្ទាប់ពីមានការបោះឆ្នោតមួយធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធាឆ្នាំ ២០១៧ ក្រោយមកមានការតវ៉ាពីក្រុមបាតុករដែលទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង៕

ប្រភព៖ Financial Post

ចុចអាន៖ តុលាការថៃ ព្យួរតំណែងនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ខណៈលោក ប្រាវីដ អាចជាអ្នកជំនួស

Share.