ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី២ បង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ បេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ជួន ជិនបុរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី៣ ឈ្មោះ សៀន មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តកណ្តាល ។ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿងជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព ម៉ាកហុងដា សេ១១០ សង់ប៊ិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-8684 និងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-7747 ។

ជនរងគ្រោះឈ្មោះ សាត់ នីតា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិអង្គ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកឯទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាកសាំសុង តែត្រូវបានយកមកវិញហើយ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គ្រាដែលកំពុងជិះម៉ូតូឌុបគ្នា២នាក់ប្អូនប្រុស កាត់តាមផ្លូវបេតុងក្នុងភូមិក្បាលដំរី២ ស្រាប់តែជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដា និង ម៉ាកនិច មកដល់ឆក់ទាញយកទូរស័ព្ទសាំសុងពីដៃ បានសម្រេចហើយនាំគ្នាជិះគេចខ្លួន ទើបដេញតាម ត្រូវបានជនសង្ស័យម្នាក់ធាក់ ដល់ធាក់តវិញ ធ្វើឲ្យដួលទាំងអស់គ្នា ស្រែកឆោឡោ ផ្អើលសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ម៉ូតូមួយគ្រឿង នាំយកទៅប៉ុស្តិ៍ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យប្រើក្មេងស្រី២នាក់ យកទូរស័ព្ទដែលពួកគេឆក់បាននោះ ទៅឲ្យជនរងគ្រោះដល់ប៉ុស្តិ៍វិញ ទើបសមត្ថកិច្ចឃាត់ក្មេងស្រី២នាក់សាកសួរ រួចបន្តទៅតាមចាប់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដកហូតបានម៉ូតូនិចមួយគ្រឿងទៀត ។

ជនសង្ស័យទាំង៣នាក់ និងម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍កាកាបទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ។ រីឯក្មេងស្រី២នាក់ សមត្ថកិច្ចធ្វើការអប់រំ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅវិញ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.