ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបើកលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តដឹក សំរាមខ្ទេចមុខខ្លួនឯង ចុះមកខឹងចោទថាមកពីរថយន្តដឹកសំរាមបើកយឺតទៅវិញ និងទាមទារកសំណង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4350 បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្តដឹកសំរាម ពណ៌ស ពាក់ស្លាកលេខ AT22 3-1893 បណ្តាលឲ្យទទួលរងខូចខាតខ្ទេចមុខ អ្នកបើកបរចុះមក ចោទប្រកាន់ថាមកពីរថយន្តដឹកសំរាមបើកយឺតទៅវិញ ហើយទាមទារកសំណងទៀត ធ្វើឲ្យកម្មករអ្នកប្រមូលសំរាមស្រឡាំងកាំង ហួសចិត្ត ។

ក្រោយពីជួបហេតុការណ៍បែបនេះ សមត្ថកិច្ចចុះទៅ សម្រួលចរាចរ លើកហេតុផល ទីបំផុតមានតែអូសរថយន្តហាយឡែនឌ័រទៅជួសជុលដោយខ្លួនឯង រីឯរថយន្តដឹកសំរាម បើកចាកចេញទៅបាត់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.