អតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្ដតួនាទីជា រដ្ឋមន្រ្តីការពារជាតិ នៅក្នុងសុន្ទរកថាដោយផ្ទាល់ជាលើកដំបូងរបស់លោក ទៅកាន់សាធារណៈជន ចាប់តាំងពីតុលាការធម្មនុញ្ញថៃបញ្ជាឲ្យលោកបញ្ចប់តួនាទីជានាយករដ្ឋមន្រ្តី ខណៈតុលាការកំពុងពិនិត្យមើលការកំណត់អាណត្តិរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ២៦ ខែ សីហា ឆ្នាំ ២០២២។

លោក ប្រាយុទ្ធ បានសរសេរនៅលើគណនី Twitter ផ្លូវការរបស់លោក កាលពីថ្ងៃ ព្រហស្បតិ៍ ថា «ខ្ញុំនឹងបន្ដបំពេញភារកិច្ច និង ការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ ដើម្បីប្រជាជន និង ប្រទេសថៃជារៀងរាល់ថ្ងៃ»។
តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បានសម្រេចចេញសាលក្រមព្យួរតំណែងលោក ប្រាយុទ្ធ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្សប្រឆាំងដែលស្នើឲ្យ ពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។

ដោយខាងគណបក្សប្រឆាំងបានអះអាងថា អាណត្តិរបស់លោក ប្រាយុទ្ធ ត្រូវបានបញ្ចប់កាលពីថ្ងៃ ពុធ ទី ២៤ ខែ សីហា ដែលជាថ្ងៃគំរប់ខួប ៨ឆ្នាំ នៃការកាន់អំណាចរបស់លោក ដោយរាប់ចាប់ពីឆ្នាំ ២០១៤មក។
ដោយយោងតាមរដ្ឋធម្មនុញ្ញថៃ តាមមាត្រា ១៥៨ នាយករដ្ឋមន្រ្តីមិនអាចកាន់តំំណែងលើសពី ៨ឆ្នាំ ឬ លើសពី ២អាណត្តិ ឡើយ។ ប៉ុន្ដែអ្នកគាំទ្រ លោក ប្រាយុទ្ធ បានអះអាងថា អាណត្តិរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមនៅឆ្នាំ ២០១៧ ហើយខ្លះទៀតថា នៅឆ្នាំ ២០១៩ ដែលនេះមានន័យថា លោកអាចកាន់តំណែងបន្ដរហូតដល់ឆ្នាំ ២០២៥ ឬ ឆ្នាំ ២០២៧ ឯណោះ ប្រសិនបើលោកនៅតែទទួលបានការគាំទ្រនៅក្នុងសភា។

យ៉ាងណាម៉ិញ គេមិនទាន់ដឹងច្បាស់ទេថា តើពេលណាតុលាការធម្មនុញ្ញនឹងចេញសេចក្ដីសម្រេចលើការពិនិត្យនៅពេលណានោះទេ ខណៈបច្ចុប្បន្នលោកឧបនាយករដ្ឋមន្រ្តីថៃ ប្រាវីដ វ៉ុងសូវ៉ាន់ កំពុងកាន់តំណែងជានាយករដ្ឋមន្រ្តីស្ដីទី ជាបណ្ដោះអាសន្ន៕

