ភ្នំពេញ ៖ សពទារកដែលទើបនឹងកើតថ្មីៗ ត្រូវបានជនមិនស្គាល់មុខច្រកថង់ដាក់ក្នុងកាបូបយកទៅបោះផ្លុងចោលនៅមាត់ត្រពាំងទឹកមួយកន្លែង ហើយត្រូវបានប្រជាពលរដ្ឋអ្នកដើររកត្រីប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល។ភ្លាៗនោះ សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ១០៥កា ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានបងប្អូនប្រជាពលរដ្ឋ ដើររកតហរីបេះបន្លែ ប្រទះឃើញកាបូបមួយ បើកមើលទើបដឹងថាខាងក្នុងមានសពទារក រួចក៏រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យ ។
សពទារកខាងលើមិនដឹងថាជនណា ឬឪពុកម្តាយណាច្រកយកទៅបោះផ្លុងចោលបែបនេះ ។ បើតាមការពិនិត្យជាក់ស្តែង ទារក(ប្រុស) ទើបនឹងកើតថ្មីៗ មិនទាំងកាត់ទងសុកចេញផង ។

ក្រោយពីប្រទះឃើញសពទារក សមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាទារកនោះកើតមកហើយបានស្លាប់ ។សមត្ថកិច្ចសន្និដ្ឋានថា សពទារកនោះត្រូវបានជនមិនស្គាល់មុខយកបោះចោល យប់នៅពេលយប់ រួចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន ចាត់ចែងកប់នៅទីនោះតែម្តង ៕


អត្ថបទ៖តាតុង សែនជ័យ
