លោក​ ជួង ជី បាន​ចេញ​វីដេអូ​សុំទោស​ជា​សាធារណៈ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ ​និង ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្រោយ​ពី​ការ​សម្ដែង​របស់​លោក​ ធ្វើ​ឲ្យ​បងប្អូន​អ្នក​គាំទ្រ​កាន់​សាសនា​អ៊ីស្លាម​មិន​ពេញ​ចិត្ត​។​

ឈុត​ក្រៅ​ឆាក​ MV ចម្រៀង​ថ្មី​មួយ​ របស់​តារា​ចម្រៀង​ ​ឆន សុវណ្ណារាជ បាន​ផ្សព្វផ្សាយ​មក​ក្រៅ​ ដែល​មាន​សម្ដែង​ដោយ​តារា​កំប្លែង​ជើង​ចាស់​ ​ល្បី​លំដាប់​ប្រទេស​ គឺ​ ​លោកពូ ជួង ​ជី​ (​ហៅ​កុយ)​ និង​ ​លោក​ពូ ​អ៊ូ ប៊ុណ្ណា​រ៉ាត់​ (ហៅ​ក្រឹម​)​ ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៊ីស្លាម​ ​ព្រោះ​តែ​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​លោក​ស្លៀក​ពាក់​របៀប​អ៊ីស្លាម​ (​ដែល​ជា​ឈុត​សូត្រធម៌​)​ ហើយ​រាំ​ញាក់ញ័រ​ចាក់​ក្បាច់​ដូច​ឌីជេ​។​

លោក ជួង ជី​ ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​មាន​ចេតនា​មើលងាយ​ ឬ​ប៉ះពាល់​ណា​មួយ​ដល់​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៊ីស្លាម​នោះ​ឡើយ​ ​ប៉ុន្តែ​លោក​ជា​អ្នកសម្ដែង​ ពេល​គេ​ហៅឲ្យ​សម្ដែង​ ​ឲ្យ​ស្លៀកពាក់​អ្វី​នោះ​គឺ​លោក​ធ្វើ​តាម​អ្នក​ដឹកនាំ​ប៉ុណ្ណោះ​។​

នៅ​ក្នុង​វីដេអូ ​Live ​នោះ​លោក​បាន​សុំទោស​ហើយ​សុំទោស​ និង​បញ្ជាក់​យ៉ាងច្បាស់​ថា​នឹង​មិន​មាន​ការ​សម្ដែង​បែប​នេះ​ជា​លើក​ទីពីរ​ទៀត​នោះ​ឡើយ​។​ លោក​ពូកុយ​ ​ក៏​ទទូច​សុំ​ឲ្យ​គ្រប់​ផលិតកម្ម​ទាំងអស់​មុន​នឹង​ធ្វើអ្វី​មួយ​ ​ឬ​ផលិត​អ្វី​មួយ​គួរ​ណាស់​តែ​ឆ្លង​កាត់​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ការ​ផលិត​បាន​ត្រឹមត្រូវ ​ម្យ៉ាង​ទៀត​គឺ​ដើម្បី​ច្បាស់​ថា​អ្វី​ដែល​ផលិត​ចេញ​ទៅ​ល្អ ​និង​ ​មិនមាន​ប៉ះពាល់​។​

នៅ​ចុង​វីដេអូ ​លោកពូ ​បាន​សុំទោស​ម្ដង​ទៀត​ដែល​លោក​ និង ​លោក​ក្រឹម ​បាន​ធ្វើ​ឲ្យ​បងប្អូន​កាន់​សាសនា​អ៊ីស្លាម​ មិន​សប្បាយ​ចិត្ត​។​លោក​បាន​និយាយ​ទៀត​ថា​ ​អ្វី​ក៏​ដោយ​តែ​ចេះ​សុំទោស​ ​ដឹង​ខុស​ មិនមាន​អ្នកណា​ប្រកាន់​ទោស​អូស​ដំណើរ​នោះ​ឡើយ​។​

លោក​ពូ កុយ និង​ ​លោក​ក្រឹម​ គឺ​ជា​តារា​កំប្លែង​ជើង​ចាស់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ហើយ​អ្នក​ទាំងពីរ​ក៏​ជា​ដៃគូ​កំប្លែង​ដ៏​ស៊ីសង្វាក់​គ្នា​ផង​ដែរ​នៅ​លើ​ឆាក​ ប៉ុន្តែ​ក្រោយ​លោក​បាន​បំបែក​ក្រុម​គ្នា​រៀង​ខ្លួន​វិញ​ ​លុះ​តែ​មាន​កម្មវិធី​ធំ​ ​ពិសេស​ ឬ​មាន​ការ​អញ្ជើញ​ទើប​ឃើញ​វត្តមាន​លោក​សម្ដែង​រួម​គ្នា​៕

Share.