កំពង់ចាម ៖ លោកអាចារ្យភ្លុកម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍ផ្ទុះឡបូជាសព កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោកតាអាចារ្យភ្លុក ស្លាប់ក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ ហុឹម សឿន អាយុ៧២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ លោកតាអាចារ្យភ្លុក រួមជាមួយបងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចពិធីបុណ្យសព យុវជនម្នាក់ឈ្មោះ ធូ ធារ៉ាក់ អាយុ១៩ឆ្នាំ ជាអ្នកនៅក្នុងស្រុកភូមិជាមួយគ្នា លុះពេលដែលដង្ហែរសពយុវជនខាងលើ ទៅបូជានៅឡ (មេន) សហគមន៍ក្នុងភូមិ កន្លែងកើតហេតុ សពបានដង្ហែរទៅដល់ហើយរៀបចំដាក់ចូលក្នុងឡ ដោយប្រើអុសនិងចាក់ប្រេងសាំង ច្រើនលីត្រចាក់លើអុស និងចាក់ស្រោចលើសព រួចហើយលោកតាអាចារ្យ បានឲ្យបងប្អូនសាច់ញាតិនៃសពបិទទ្វារឡ ដោយដាក់គន្លឹះពីក្រៅ រួចហើយនាំគ្នាដើរប្រទក្សិណ៣ជុំ លុះពេលដើរបានមួយជុំ លោកអាចារ្យភ្លុក បានកាន់ចន្លុះដែលដុតភ្លើងលើកជន្លលើកទី១នៅមុខទ្វារឡពេលនោះស្រាប់តែឆាបសាំងឆេះផ្ទុះ បណ្ដាលឱ្យខ្ទាតទ្វារធ្វើពីដែកមកត្រូវចំសៀតផ្កាខាងឆ្វេងរបស់លោកអាចារ្យភ្លុក ឈ្មោះ ហុឹម សឿន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅទីកន្លែងកើតហេតុ ។

ក្រោយពីកើតមានហេតុការណ៍បែបនេះ សមត្ថកិច្ចមូលដ្ឋាន ជំនាញ គ្រូពេទ្យចុះទៅពិនិត្យដល់ទីតាំងកើតហេតុ រួចប្រគល់សពលោកតាឲ្យក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖តាតុង សែនជ័យ

