ភ្នំពេញ ៖ ស្ត្រីម្នាក់គ្រាន់តែឈប់ម៉ូតូមុខផ្ទះមួយភ្លែត ត្រូវបានក្រុមចោរហារយឆក់យកទូរស័ព្ទI phone រត់គេចខ្លួនបាត់ ភ្លាមៗប្តឹងសមត្ថកិច្ច តាមស្វែងរកឃើញវិញ យកទូរស័ព្ទប្រគល់ជូនម្ចាស់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាន លៀប ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទូរស័ព្ទដែលចោរហាយលួចយក ម៉ាកI phone 11 pro Max ត្រូវបានសមត្ថកិច្ចយកមកប្រគល់ជូនម្ចាស់វិញហើយ ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតខណៈដែលជិះម៉ូតូ វិលមកពីក្រៅវិញ ឈប់មុខផ្ទះ គ្រាន់តែចុះពីលើម៉ូតូស្កុបពីភ្លាម ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ពេញវ័យម្នាក់ កូនក្មេង២នាក់ ជិះម៉ូតូឌុបគ្នា ទៅឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូខាងមុខ ហើយជិះរត់គេចខ្លួនបាត់ ផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចភ្លាមៗ តែដោយសារទូរស័ព្ទមានភ្ជាប់GPS ទើបមើលដឹងគោលដៅ សមត្ថកិច្ចទៅតាមរកឃើញទូរស័ព្ទនៅក្មេងប្រុស២នាក់ នៅចំណុចផ្លូវបេតុងក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រីឯជនសង្ស័យពេញវ័យម្នាក់នោះបានរត់គេចខ្លួនបាត់ សល់តែក្មេងប្រុស២នាក់នាំ ទៅប៉ុស្តិ៍ចោមចៅទី៣ សាកសួរ ទើបដឹងរឿង មនុស្សចាស់បង្គាប់ប្រើក្មេងតូចៗឲ្យដើរលួច ។

ក្រោយរកឃើញទូរស័ព្ទ សមត្ថកិច្ចបានដកហូតរួចប្រគល់ជូនទៅម្ចាស់យកទៅប្រើប្រាស់វិញ រីឯក្មេងប្រុស២នាក់ សមត្ថកិច្ចធ្វើការអប់រំរួចអនុញាតិឲ្យវិលទៅផ្ទះ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.