ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ឈាន​​បញ្ចប់​សប្ដាហ៍​ទី​១៧ ដែល​ឆ្លងកាត់​៦៨​ប្រកួត​មក​ហើយ ខណៈ​ជំនួប​រវាង​ក្រុម​វិសាខា ទល់​គីរីវង់សែនជ័យ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ជា​ប្រកួត​ទី៣ហើយ​ដែល​មិន​ត្រូវ​ពិន័យ​កាត​លឿង ឬក្រហម។

លោក អ៉ីវ ទីណា ឈរ​កណ្ដាល​ខាងមុខ

ការ​ប្រកួត​​គ្មាន​កាត​នេះ​​ជា​ការ​កាន់​កញ្ចែ​និង​​​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​លោក​អាជ្ញាកណ្ដាល អ៊ីវ ទីណា ក្នុង​ពានរង្វាន់ CPL ខណៈ​លោក​ជា​អាជ្ញាកណ្ដាល​ទី១១ ដឹកនាំ​កា​ប្រកួត​មក​នេះ​។ លោក អ៊ីវ ទីណា ធ្លាប់​ដឹកនាំ​ការ​ប្រកួត​សំខាន់ៗ​ទាំង​ក្នុង​ពានរង្វាន់​លីគ​ទី២ ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ពានរង្វាន់ Cambodian League Cup មុន​ទទួល​បាន​ឱកាស​ចូល​​កាន់​កញ្ចែ​នៅ CPL។

ការ​ប្រកួត​ដែល​គ្មាន​ពិន័យ​កាត​ទាំង​៣​​លើក​មក​នេះ​មាន៖
-សប្ដាហ៍​ទី៨ វិសាខា ៣-១ អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន​ព្រីនស៍ (អាជ្ញាកណ្ដាល ហ៊ោ ប៊ុនថង)
-សប្ដាហ៍​ទី១៤ គីរីវង់សុខសែនជ័យ ១-០ Tiffy Army FC នៅ​កីឡដ្ឋាន​គីរីវង់ (អាជ្ញាកណ្ដាល ឃិន ឧសីហា)
-សប្តាហ៍​ទី១៧ វិសាខា ៦-១ គីរីវង់សុខសែនជ័យ នៅ​កីឡដ្ឋាន​ព្រីនស៍ (អាជ្ញាកណ្ដាល អ៊ីវ ទីណា)

សម្រាប់​ប្រកួត​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​ជាង​គេ​ក្នុង១​ប្រកួត​គឺ៖
-ណាហ្គាវើល ១-០ បឹងកេត កីឡដ្ឋាន Cambodia Airway មាន​លឿង​១០​សន្លឹក ក្រហម​៩​សន្លឹក (អាជ្ញាកណ្ដាល លឹម ប៊ុនធឿន)

ដោយ​ឡែក​ក្រុម​ទាំង​៨​ដែល​ត្រូវ​ពិន័យ​កាត​គិត​ត្រឹម​ពេល​នេះ​មាន៖
១) ណាហ្គាវើល ៤៥សន្លឹក (ក្រហម​៦)
២) អង្គរថាយហ្គឺរ ៤៤សន្លឹក (ក្រហម២)
៣) ក្រសួងការពារជាតិ ៤០​សន្លឹក (ក្រហម​២)
៤) បឹងកេត ៣៩​សន្លឹក (ក្រហម​៤)
៥) ភ្នំពេញក្រោន ៣៤​សន្លឹក (ក្រហម១)
៦) គីរីវង់សុខសែនជ័យ ២៥​សន្លឹក (ក្រហម១)
៧) ព្រះខ័នរាជស្វាយរៀង ២៣​សន្លឹក
៨) វិសាខា ២២​សន្លឹក

សរុប​កាត​ដែល​លោក​អាជ្ញាកណ្ដាល​១១​នាក់​ដឹកនាំ​ការ​ប្រកួត​មក​នេះ មាន​ចំនួន​២៧២​សន្លឹក ពិន័យ​លើ​កីឡាករ ១៤៣​នាក់ ហើយ​កីឡាករ វង់ ពិសី របស់​អង្គរថាយហ្គឺរ ជា​កីឡាករ​ថ្មី​តែ​ម្នាក់​គត់​ត្រូវ​ពិន័យ​កាត​លឿង នៅ​សប្ដាហ៍​ទី១៧​នេះ។ ចំណែក​កីឡាករ​របស់ Tiffy Army FC រហូត​ដល់​ទៅ​២នាក់​ឈរ​ក្នុង​បញ្ជី​អ្នក​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​សន្លឹក​ជាង​គេ មាន​កីឡាករ ស៊ុក វឌ្ឍនា និង​កីឡាករ​ជប៉ុន Yuta Kikuchi ក្នុង​នោះ​ម្នាក់​៧សន្លឹក៕

រូបថត៖វិសាខា

Share.