ភ្នំពេញ ៖ យុវជនម្នាក់ដើរចេញពីផ្ទះទៅចុះងូតទឹកស្រះលេង ស្រាប់តែលង់លិចបាត់ ផ្អើលពលរដ្ឋ កម្មករសំណង់ ជួយចុះរាវរក ស្រង់បានតែស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅស្រះទឹកក្នុងបរិវេណវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះមាន ឈ្មោះ ប៊ុន ឡៃហៀង ហៅបារាំង អាយុ១៥ឆ្នាំ ជាមនុស្សមានជម្ងឺឆ្កួតជ្រូក ដែលមានម្តាយជាស្ត្រីមេម៉ាយឈ្មោះ រៀម តឿ អាយុ៥៦ឆ្នាំ មានបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ជនរងគ្រោះជាកូនទី២ រស់ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះស្លៀកតែខោខ្លី ដើរចូលទៅងូតទឹកលេងនៅស្រះវត្តជម្ពូវ័ន កំពុងតែងូតទឹកលេង រអិលជើងពីកាំជណ្តើរលង់លិចបាត់ទៅក្នុងទឹក ផ្អើលពលរដ្ឋ ព្រះសង្ឃ ជាងសំណង់នៅក្បែរនោះនាំគ្នាយកខ្សែពួរចុះរាវរក ស្រង់បាន តែជនរងគ្រោះស្លាប់បាត់ទៅហើយ បើតាមសន្និដ្ឋាន ជនរងគ្រោះគ្រាដែលចុះងូតទឹក ជំងឺរើធ្វើទុក្ខ ប្រកាច់លង់លិច ទើបឈានដល់ស្លាប់បែបនេះ ។

បើតាមម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា រាល់ថ្ងៃគាត់តែងតែហាម និយាយប្រាប់កូន កុំឲ្យចុះលេងទឹក ព្រោះថា ជម្ងឺឆ្កួតជ្រូក កាលបើប្រកាច់ក្នុងទឹកហើយ គ្រោះថ្នាក់ណាស់ ហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បាត់កូនពីផ្ទះ ដើរស្វែងរកដែរតែមិនឃើញ រហូតដល់អ្នកជិតខាងទៅតាមប្រាប់ ថាកូនស្លាប់ដោយសារលង់ទឹក ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ លើកយកទៅតម្កល់នៅឈាបនដ្ឋានវត្តជម្ពូវ័ន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.