
តារាសម្ដែងដ៏ល្បីល្បាញប្រចាំប្រទេសចិន Huang Xiaoming បាននិយាយថាលោកកាន់តែបិទខ្លួនឯងពីពិភពខាងក្រៅខ្លាំងជាងមុនហើយជីវិតលោកក៏មិនមានសង្ឃឹមច្រើនទៀតដែរក្រោយពីលែងលះគ្នាជាមួយអតីតភរិយាកាលពីដើមឆ្នាំនេះ។
យោងតាមសារព័ត៌មានចិន SINa កាលពីថ្ងៃទី២៦ តារាសម្ដែងវ័យ៤៥ឆ្នាំបាននិយាយថាលោកចាប់ផ្ដើមបន្ថែមការប្រុងប្រយ័ត្នជាងមុនក្នុងជីវិតនិងរក្សាភាពស្ងៀមស្ងាត់ជាងមុន។ លោកនិយាយថានៅក្នុងដំណាក់កាលនេះលោកយល់ថាលោកត្រូវការភាពស្ងៀមស្ងាត់ និងផ្ដោតតាមតែលើការងារ។ លោកថែមទាំងនិយាយទៀតថាឆ្លងកាត់រឿងនេះធ្វើឱ្យលោកកាត់បន្ថយក្ដីសង្ឃឹមខ្ពស់សម្រាប់ខ្លួនឯង។
«កាលពីខ្ញុំអាយុ២០ឆ្នាំ ខ្ញុំមានភាពជឿជាក់ហួសហេតុ។ រយៈពេលជាង៣០ឆ្នាំ ខ្ញុំជួបនឹងឧបសគ្គជាច្រើន ភាពស្មុគស្មាញនិងបាត់បងជំនឿចិត្ត។ ខ្ញុំអាចទទួលបានជោគជ័យត្រូវអរគុណដល់ការប្រឹងប្រែងរបស់ខ្ញុំ។ មើលត្រលប់ថយក្រោយវិញ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងល្ងង់ដែលចូលចិត្តរអ៊ូរទាំច្រើន។ ខ្ញុំព្យាយាមអត់ខ្វល់ច្រើន ហើយធ្វើឱ្យខ្លួនកាន់តែមានសេរីភាព។
ក្រោយចែកផ្លូវគ្នាដើររៀងខ្លួន Huang Xiaoming និង Angela baby ឆ្លាស់វេនគ្នាមើលថែកូនប្រុសវ័យ៥ឆ្នាំរបស់ពួកគេ។ពេលធ្វើការតារាទាំងពីរបានផ្ញើកូនឱ្យឪពុកម្ដាយជួយមើលថែ។ នៅក្នុងខែឧសភា Xiaoming ជាប់ឈ្មោះក្នុងព័ត៌មានអាស្រូវទាក់ទងជាមួយនឹងស្រីស្អាត Ye Kha ប៉ុន្តែតារាសម្ដែងរូបនេះមិនបានប្រតិកម្មតបចំពោះដំណឹងស្នេហានេះនោះឡើយ។
តួឯកប្រុសយ៉ាងគួរឆ្នាំ២០០៦និង Angelababy ស្រលាញ់គ្នា៥ឆ្នាំមុននឹងសម្រេចចិត្តរៀបការនៅឆ្នាំ២០១៥។ ពេលនៅជាប្ដីប្រពន្ធនឹងគ្នាអ្នកទាំងពីរចាយប្រាក់រៀងខ្លួន និងបានចំណូលមកទុករៀងខ្លួន។ កាលពីឆ្នាំ២០១៨ធ្លាប់មានដំណឹងបែកបាក់ដោយសារតែមិនសូវឃើញមានវត្តមាននៅទីសាធារណៈជាមួយគ្នា ហើយថែមទាំងមិនដែលឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមដូចជាពីមុននោះឡើយ។ កាលពីថ្ងៃទី១ ខែមករា គូស្នេហ៍កំពូលតារាល្បីបានប្រកាសរឿងលែងលះរបស់ពួកគេ។

Huang Xiaoming កើតនៅឆ្នាំ១៩៧៧ នៅខេត្តសានតុង ប្រទេសចិន យោងតាម qq គ្រួសាររបស់លោកមានជីវភាពមិនសូវជាធូរធារនោះឡើយ ឪពុករបស់លោកជាជាងអគ្គិសនី ម្ដាយជាបុគ្គលិកធ្វើការងារការិយាល័យ។ តារារូបនេះប្រឡូកក្នុងសិល្បៈកាលពីអាយុ២១ឆ្នាំ ដោយសម្ដែងរឿង Love is not a game។ ក្រោយពីជោគជ័យក្នុងក្នុងអាជីពសម្ដែង Huang Xiaoming បានក្លាយជាតារាល្បីនៅប្រទេសចិន។ លោកបានក្លាយជាតារាដែលល្បីល្បាញនិងនាំមុខគេនៅក្នុងប្រទេសចិនបន្ទាប់ពីលោកមានឱកាសបានសម្ដែងជាតួអង្គយ៉ាងគួរចាប់ដៃគូជាមួយតួស្រី លាវអ៊ីហ្វៃសម្ដែងជាតួសៀងឡុងនី នៅក្នុងរឿងភាគបុរាណចិនដ៏ល្បីល្បាញ «អ្នកក្លាហានឥន្ទ្រីទេព»៕





