ភ្នំពេញ ៖ ជនជាតិចិនចំនួន៤នាក់ សង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស ខណៈដែលធ្វើដំណើរតាមរថយន្តតាក់សុីព្យាយាមរត់គេចតាំងពីក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចសហការស្ទាក់ចាប់ឃាត់បានត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិ លេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង ១៥នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ។

បើតាមសមត្ថកិច្ច មានរថយន្តតាក់សុីមួយគ្រឿង ម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរជនជាតិខ្មែរ ដឹកជនជាតិចិនចំនួន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឲ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត ក្រុង ស្ទាក់ចាប់ឃាត់ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺហៅឃាត់ដែរតែមិនឈប់ ព្យាយាមបន្តបើកគេចរហូត។ លុះដល់ចំណុចភ្លើងស្តុបជម្ពូវ័ន ផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ឃាត់បានរថយន្តមួយគ្រឿងខាងលើមានដឹកជនជាតិចិនចំនួន៤នាក់ ។

បន្ទាប់ពីឃាត់បានរថយន្តតាក់សុីមួយគ្រឿងខាងលើ រួមជាមួយជនជាតិចិនចំនួន៤នាក់ សមត្ថកិច្ចនាំយកទៅសំចតជាបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងចាំខាងនាយកដ្ឋានប្រឆាំង និងការពារការជួញដូរមនុស្ស នាំយកទៅសាកសួរបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.