ភ្នំពេញ ៖ រថយន្តធុនធំសណ្តោងសុីទែនពោងសុីម៉ង់ត៍ ខណៈដែលកំពុងបើកឆ្លងផ្លូវ ជិតផុតទៅហើយ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ប្រភេទកុងតឺន័រ ដឹកដែក បើកលឿនជ្រុលទៅបុកផ្នែកខាងក្រោយ បណ្តាលឲ្យរថយន្តកុងតឺន័រដាច់កង់មុខខាងឆ្វេង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងវត្តជន្លង់ម្លូ នៅចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពណ៌ស ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3367 អូសសណ្តោងរុឺម៉ក ដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1239 បើកល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីក្រោយ រថយន្តសុីទែនពោងសុីម៉ង់ត៍ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7142 សណ្តោង រុឺម៉កពោង ពាក់ស្លាកលេខ ភ្នំពេញ 4A-1429 កំពុងបើកឆ្លងផ្លូវពីលិចទៅកើត បត់ឆ្ពោះទៅជើង បណ្តាលឲ្យរថយន្តកុងតឺន័របាក់ដាច់កង់មុខខាងឆ្វេង ជាប់គាំងកណ្តាលផ្លូវ ។

ក្រោយករណីគ្រោះថ្នាក់ចរាចរខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅសម្រួល យករថយន្តទៅកៀនខាងដើម្បីសម្រួលចរាចរណ៍ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែងដើម្បីយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.