ថ្លែងបើកិច្ចប្រជុំបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) លើកទី៥ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អំពីគុណតម្លៃនៃគំនិតផ្ដួចផ្ដើមចំនួន២ដែលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងនាឱកាសស្វាគមន៍គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥កាលពីពេលកន្លងទៅថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមទាំងពីរនោះ រួមមាន គណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង វិធានការដើម្បីស្ដារនិងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូដ ១៩ ប្រកបដោយប្រសិទ្ធភាពវិញ។

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមទីមួយ សម្ដេចមានប្រសាសន៍ថា បណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុងនានានៃបណ្តាប្រទេសអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់អាស៊ានទៅកាន់អនាគតបៃតងដែលមានចីរភាពការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែង ក្នុងផ្នែកសេដ្ឋកិច្ច ហើយថាកិច្ចការនេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញដែលនឹងបំពេញ តួនាទីជាកត្តាជំរុញ។

ចំពោះគំនិតផ្តួចផ្តើមទីពីរ ពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារនិងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូដ ១៩ ប្រកបដោយប្រសិទ្ធភាពវិញ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាបណ្តាក្រុងនានានៃបណ្តាប្រទេសអាស៊ាន ក៏ត្រូវបានទទួលស្គាល់ថាបានបំពេញតួនាទី យ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកសម្រេចកិច្ចការនេះ ដែលកន្លងមកទីក្រុងក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដែរ បានបំពេញកិច្ចការយ៉ាងមានប្រសិទ្ធភាពក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការ ដោះស្រាយបញ្ហានានាដែលបង្ករដោយជំងឺនេះ។

សម្ដេចក្រឡាហោម ក៏បានរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ានដែលរហូតមកដល់ពេលនេះ មានរយៈពេល៥៥ឆ្នាំ និងបានដំណើរការដោយឈរលើស្មារតីស្នូល«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ»។ សម្ដេចបន្ថែមថា សន្តិភាព និងស្ថេរភាពដែលអាស៊ានទទួលបានអស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឲ្យអាស៊ានក្លាយជាតំបន់មានការរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ រួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចបន្តថាទោះបីយើងត្រូវឆ្លងកាត់វិបត្តិកូវីដ ១៩ ជាសកលក៏ដោយ ក្នុងឆ្នាំនេះអាស៊ានបានសម្រេចសមិទ្ធផលធំៗមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការបន្តធ្វើការយ៉ាងស្វិតស្វាញក្នុងការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ខណៈនាពេលថ្មីៗនេះបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដោយបានស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាសង្គម សេដ្ឋកិច្ចដែលកំពុងកើតមាន។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៃបណ្តាញទីក្រុងឆ្លាតអាស៊ានដែលប្រព្រឹត្តទៅនាថ្ងៃនេះ បានធ្វើឡើងឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨ នៅប្រទេសសឹង្ហបូរី។ ថាកិច្ចប្រជុំដែលប្រារព្ធពិធីបើកក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាពេលនេះ នឹងបន្តដំណើរការក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងជាតិរបស់កម្ពុជា៕

Share.