ភ្នំពេញ៖តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញមនុស្សប្រុសស្រីចំនួន 3 នាក់ ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1R-0440 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច។លុះមកដល់ចំណុចមុខអគារប៊ូយ៉ុងថោន ក៏មានបុរសម្នាក់បើកម៉ូតូធំម៉ាក yamaha មួយគ្រឿង ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូវ៉េវដួលបោកនឹងថ្នល់ រងការខូចខាតបាក់កន្ទុយផ្នែកខាងក្រោយ។ឯមនុស្សប្រុសស្រីជិះនៅលើម៉ូតូខាងក្រោយចំនួន 2 នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយហៅកង់បីឥណ្ឌា ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 3:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 30 ខែសីហាឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ រាយការណ៍ជូនសមត្ថកិច្ចជំនាញនរគបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.