អគ្គស្នងការនគរបាលជាតិ ប្រកាសជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ហៅទូរសព្ទទៅលេខពិសេស ១១៧ ដើម្បីរាយការណ៍ករណីបង្ខាំងមនុស្សដោយខុសច្បាប់។

ការគ្រប់គ្រងខ្សែទូរស័ព្ទទាន់ហេតុការណ៍នេះអាចសន្ទនាជាភាសាអង់គ្លេស ចិន និងវៀតណាមសម្រាប់ការចាប់ផ្តើមដំបូង ហើយភាសាជាច្រើនទៀតអាចត្រូវបានបន្ថែមនៅពេលតម្រូវការកើតឡើង។

ការប្រកាសឲ្យប្រជាពលរដ្ឋបញ្ចេញលេខទូរសព្ទទាន់ហេតុការណ៍ ១១៧នេះ កើតមានបន្ទាប់ពី​កម្ពុជាធ្លាក់ទៅក្នុងបញ្ជីក្រហម ឬចំណាត់ថ្នាក់កម្រិតទី៣ ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក។

ថ្មីៗនេះ លោក វីទិត មុនតាប៊ន ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ២០២២។ ក្រោយបញ្ចប់ទស្សនកិច្ច លោកបាន​វាយតម្លៃជាបឋមថា សិទ្ធិមនុស្ស និងលំហនយោបាយ​នៅកម្ពុជាកំពុងតែរួមតូច។

ដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជាជាង១០ថ្ងៃនេះ លោក​នឹង​​រៀបចំ​​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​នឹង​ឡើង​ថ្លែងការណ៍​ពី​អ្វី​ដែល​លោក​រក​ឃើញ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅក្នុង​ខែ​តុលា ឆ្នាំ​២០២២ខាងមុខ។

ជុំវិញបញ្ហានេះ មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល​នូវ​ការលើកឡើងរបស់​ ប្រេសិតពិសេស​អង្គការសហប្រជាជាតិ​ខាងលើ​ ដោយចាត់ទុកថា របាយការណ៍ខ្លះធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ និងមានភាពលម្អៀង និងរើសអើងថែមទៀត។

ទាក់ទងទៅនឹង​ការប្ដេជ្ញាចិត្ត​ទប់ស្កាត់អំពើជួញដូរមនុស្សនេះ អគ្គស្នងការនគរបាលជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋាន ចូលរួមសហការលុបបំបាត់រាល់ទម្រង់នៃការជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់ ដោយទូរស័ព្ទទៅលេខ ១១៧ ដើម្បីផ្តល់ព័ត៌មាន។

ខ្សែទូរស័ព្ទលេខពិសេស ១១៧ ស្ថិតនៅទីបញ្ជាការនៃអគ្គស្នងការនគរបាលជាតិ ដែលនឹងឆ្លើយតបភ្លាមៗ នៅពេលទទួលបានរបាយការណ៍អំពីការបង្ខាំង ការធ្វើទារុណកម្ម និងអ្នកដែលសុំជំនួយពីអគ្គស្នងការនគរបាលជាតិ។

ការហៅទូរសព្ទទៅកាន់លេខនេះ គឺមិនគិតថ្លៃទេ ហើយការហៅទូរសព្ទនៅតែអាចធ្វើឡើងបាន សូម្បីតែទូរសព្ទដៃរបស់ពួកគេគ្មានទឹកប្រាក់ក៏ដោយ៕

Share.