លោក ឈឹម សេរីភួន អ្នកកាសែតចាស់វស្សាមួយរូបនៅកម្ពុជា និងដែលត្រូវបានគេស្គាល់ថាជាអ្នកកាសែតចូលចិត្តស្រាវជ្រាវរឿងរ៉ាវប្រវត្តិសាស្រ្តកម្ពុជាមួយរូបដែរនោះ ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ បើតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២២/៦៨៤ ធ្វើនៅព្រះបរមរាជវាំង​ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានបង្ហោះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក ឈឹម សេរីភួន មានឋានៈស្មើអនុរដ្ឋលេខាធិការ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះដែរ លោក ឈឹម សេរីភួន ក៏បានថ្លែងអំណរព្រះគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត «ដែលប្រោសប្រទានព្រះរាជក្រឹត្យតែងតាំងទូលព្រះបង្គំជាទីប្រឹក្សាក្រសួងមហាផ្ទៃ»។ លោកក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ៕

Share.