បាត់ដំបង៖ ខេត្តបាត់ដំបងបង្កើតសារមន្ទីរធនាគាជាតិលើកដំបូង ដើម្បីរក្សាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ និងទាក់ទាញភ្ញៀវទេសចរ។

ដោយសារការវិវឌ្ឍន៍លើផ្នែកហិរញ្ញវត្ថុនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាក្របខ័ណ្ឌទូទាំងប្រទេស ថ្មីៗនេះរាជរដ្ឋាភិ បាលបានសម្រេចអនុញ្ញាតឲ្យធនាគាជាតិនៃកម្ពុជារៀបចំកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៅលើទឹកដីខេត្តបាត់ដំបងជាផ្លូវការលើកដំបូងទុកសម្រាប់ជាមជ្ឍមណ្ឌលឯកសាររូបិយវត្ថុជាតិប្រចាំតំបន់ពាយព្យ និងជាកេរ្តិ៍ដំ ណែលដល់កូនចៅអ្នកជំនាន់ក្រោយបានស្គាល់ សិក្សាស្វែងយល់។

លោក ជា សុធន ប្រធានធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបងបានប្រាប់ឲ្យនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះថា÷ ការបង្កើតឡើងនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបង បានបញ្ជាក់ពីការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ច និងរូបិយប័ណ្ណ ដែលដើរតួយ៉ាងសំខាន់ ពិសេសជាការស្តារឡើងវិញនូវរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាការប្រមូលឯកសារ រូបភាព រូបិយវត្ថុបុរាណ ទុកជាភស្តុតាង ព្រមទាំងផ្តល់ជាទីកន្លែងផ្តល់ចំណេះដឹងថ្មីមួយទៀតមានលក្ខណ:ទំនើបកម្មសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបង ជាមណ្ឌលឯកសាររូបិយវត្ថុជាតិទី ២ បន្ទាប់ពីទីក្រុងភ្នំពេញ មានទីតាំងជាអគារបុរាណសម័យអាណានិគម ឋិតនៅតាមកំណាត់ផ្លូវលេខ ១ ក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទ៖ ដំបងក្រញូង

