ឆ្លង​កាត់​ការ​ប្រកួត​ដ៏​តាន​តឹង​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ ទីបំផុត​បុរស​មក​ពី​ខេត្ត​កំពង់ចាម លឹម តិចម៉េង​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​កម្មវិធី​ប្រកួត​ចម្រៀង​កម្រិត​ពិភពលោក​ Cambodian Idol ឆ្នាំ​២០២២ ហើយ​។ ទម្រាំ​នឹង​មាន​ថ្ងៃ​នេះ​ តើ​ Idol វ័យ​ក្មេង​រូប​នេះ​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​អ្វី​ខ្លះ?​

ទម្រាំ​តែ​អាច​ឈាន​ជើង​មក​ឈរ​នៅ​ចំណុច​កំពូល​ក្លាយ​ជា​ម្ចាស់​ពាន​ តិចម៉េង បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​រស់​នៅ​ភ្នំពេញ​ដោយ​ជួល​ផ្ទះ​គេ​នៅ​ម្នាក់​ឯង​ តស៊ូ​យ៉ាង​លំបាកលំបិន​ បើ​ទោះ​ជា​គ្រួសារ​មិន​សូវ​ជា​គាំទ្រ​ក្ដី​សុបិន​របស់​តិច​ម៉េង​ក៏​ដោយ​ចុះ​ ព្រោះ​គ្រួសារ​ចង់​ឱ្យ​រូប​គេ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ជា​ជាង​ធ្វើ​ជា​តារា​ចម្រៀង​។ អាស្រ័យ​ដោយ​ លីម តិចម៉េង មាន​ឆន្ទៈ​មុះមត់​លើ​វិថី​មួយ​នេះ​ទើប​ប្អូន​តស៊ូ​ជម្នះ​មិន​ថា​ជា​រង​នូវ​ការ​លំបាក​គ្រប់​សព្វ​ក៏​មិន​ធ្វើ​ឱ្យ​ តិចម៉េង បោះ​ចោល​នូវ​សុបិន​របស់​ខ្លួន​ជា​ដាច់​ខាត​។​

សម្រាប់​អ្នក​ដែល​តាមដាន​ទស្សនា​កម្មវិធី​មួយ​នេះ​ពិសេស​អ្នក​ដែល​ស្រលាញ់​ លីម តិច​ម៉េង ច្បាស់​ជា​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា​ក្នុង​វគ្គ​ Judge Audition ប្អូន​ប្រុស​បាន​លើក​យក​បទ​ចម្រៀង «ជំងឺ​ខ្វះ​អ្នក​ថែ​អាច​រស់​បាន​យូរ​ប៉ុណ្ណា» ​បទ​ចម្រៀង​មនោសញ្ចេតនា​ឈឺចាប់​ត្អូញត្អែរ​អស់សង្ឃឹម​របស់​សំឡេង​​កំលោះ​តូច​អម​ជាមួយ​នឹង​ការ​លេង​ហ្គីតា​បាន​ឆាប់​ដួង​ព្រលឹង​គណៈ​កម្មការ​និង​អ្នក​ទស្សនា​ឱ្យ​លន្លង់​លន្លោច​ទៅ​តាម​បទ​ចម្រៀង​។ ក្រៅ​ពី​មាន​សំឡេង​ពីរោះ​ហើយ​នោះ​ តិច​ម៉េង ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ព្រោះ​តែ​ប្អូន​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​ Judge ណុប បាយ៉ារិទ្ធិ​ កាល​ពី​ក្មេង​ថែម​ទៀត​ផង​។

លីម តិច​ម៉េង ពីវគ្គ​ទៅ​មួយ​វគ្គ​សមត្ថភាព​និង​សំឡេង​របស់​រូប​ប្អូន​ មិន​ដែល​ធ្វើ​ឱ្យ​គណៈ​កម្មការ​អស់​សង្ឃឹម​ម្ដង​ណា​ឡើយ​គឺ​មាន​តែ​សរសើរ​ហើយ សរសើរ​ទៀត​ ទើប​ធ្វើ​ឱ្យ​គេ​អាច​ឆ្លងកាត់​តាំង​ពី​វគ្គ​ Theater Round ទាំង​ជុំ​ទីមួយ​ ជុំពីរ​ ក៏​ដូច​ជា​វគ្គ​ Green Mile យ៉ាង​ផុយ​។ ចូល​មក​ដល់​វគ្គ​ Live Show សប្ដាហ៍​ទីមួយ​ លីម តិចម៉េង បាន​លើក​យក​បទ​ចម្រៀង​ «​ឈប់​ស្រលាញ់​អូន​មិន​បាន​» ​ដែល​ជា​ចម្រៀង​ដើម​របស់​លោក​ឧកញ៉ា ខេមរៈ សិរីមន្ត។

បទ​ចម្រៀង​មនោសញ្ចេតនា​ថ្ងូចថ្ងូរ​សែន​ឈឺចាប់​​នៃ​សាច់​រឿង​ស្នេហា​របស់​និស្សិត​ក្រីក្រ​មួយ​បទ​នេះ​គ្រប់គ្រាន់​ឱ្យ​ លីម តិចម៉េង ទាញ​យក​ប្រជាប្រិយ​ពី​សំណាក់​អ្នក​ទស្សនា​ពី​ពិសេស​សំឡេង​ផ្ញើសារ​គាំទ្រ​ឱ្យ​រូប​គេ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ចាប់​យក​ក្ដី​ស្រម៉ៃ​ជា​បន្ត​ទៀត​។

ប៉ុន្តែ​ទម្រាំ​នឹង​ទទួល​បាន​ជោគជ័យ​មនុស្ស​យើង​ម្នាក់​ៗ​រមែងត្រូវ​តែ​ឆ្លង​កាត់​ឧបសគ្គ​ យុវជន​រូប​នេះ​ក៏​មិន​អាច​គេច​ផុត​ពី​ឧបសគ្គ​នៃ​ជីវិត​ដូច​គ្នា​។ ខណៈ​ដែល​ដួង​តារា​ថ្មី​មួយ​កំពុង​តែ​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ស្រាប់​តែ​មាន​​អ្នក​យក​វីដេអូ​ចាស់​របស់​ប្អូន​ដែល​និយាយ​ដល់​ Idol កូរ៉េ​ BTS រហូត​មាន​ក្រុម​អ្នក​គាំទ្រ​តារា​កូរ៉េ​ខាង​លើ​ចេញ​មក​វាយ​ប្រហារ​និង​កៀបសង្កត់​អារម្មណ៍​របស់​ លីម​ តិចម៉េង។ ​នៅ​ក្នុង​វគ្គ​ Live Show សប្ដាហ៍​ទី​៥ ​បេក្ខជន​រូប​នេះ​​ហាក់​ដូច​ជា​បាក់​ទឹក​ចិត្ត​បន្តិច​ដែរ​ទោះ​ជា​ប្អូន​បាន​ចេញ​មក​សុំ​ទោស​និង​បង្ហាញ​ពី​ចេតនា​ស្មោះ​ត្រង់​របស់​ខ្លួន​ចំពោះ​ក្រុម​អ្នក​គាំទ្រ​ BTS ក្ដី​។

សប្ដាហ៍​ដ៏​តានតឹង​មួយ​សម្រាប់​ លីម តិចម៉េង ប្អូន​បាន​លើក​​យក​បទ​​ចម្រៀង​ Original មួយ​បទ​របស់​ ចេន គឺ​បទ​ «អាក្របី» មក​បក​ស្រាយ​។ គ្រាន់​តែ​ច្រៀង​ចប់​ភ្លាម​ សំឡេង​ស្រែក​ហោរ​លើក​ទឹក​ចិត្ត​ និង​ហៅ​ឈ្មោះ​របស់ ​លីម តិចម៉េង ​ស្ទើតែ​បែក​ឆាក​ធ្វើ​ឱ្យ​រូប​ប្អូន​មិន​អាច​ទប់អារម្មណ៍​ជាប់​ ដំណក់ទឹក​ភ្នែក​ជា​ច្រើន​ដំណក់​បាន​ហូរ​ចេញ​ពី​ក្នុង​កែវ​ភ្នែក​របស់​ប្អូន​។

នៅ​ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ លីម តិចម៉េង​ ​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក​ ព្រោះ​តែ​បេក្ខជន​រូប​នេះ​បាន​និយាយ​ថា​ ខ្លួន​មិន​ហ៊ាន​សុំ​សំឡេង​បោះ​ឆ្នោត​ពី​អ្នក​គាំទ្រ​ឡើយ​ ប៉ុន្តែ​សុំ​ឱ្យ​អ្នក​គាំទ្រ​​​គ្រប់​គ្នា​​ជួយ​គាំទ្រ​បេក្ខជន​ទាំង​អស់​​។

​វិញ្ញាសារ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​គឺ​តម្រូវ​ឱ្យ​បេក្ខជន​ប្រកួត​ជ្រើសរើស​បទ​ចម្រៀង​ល្បី​របស់​ហង្សមាស​មក​បកស្រាយ​ក្នុង​ការ​ប្រកួត​ លីម តិច​ម៉េង​ បាន​ Mash up បទ​ចម្រៀង​មនោសញ្ចេតនា​ស្នេហា​ចំនួន​៣​បទ​ដែល​ប្រៀប​ដូច​ជា​ការ​និទាន​ពិពណ៌​សាច់​រឿង​ស្នេហាជា​សាច់​រឿង​មួយ​យ៉ាង​ពេញ​លេញ​។ បទ​ទីមួយ​គឺ​បទ​ ថ្ងៃ​បែកគ្នា​ របស់​លោក នីកូ បន្ត​ដោយ​បទ​ មាន​ជាតិ​ក្រោយ​ទៅណា​ទៅៗ របស់​ Judge ឆន សុវណ្ណារាជ​ និង​បិទ​បញ្ចប់​ដោយ​បទ​ចម្រៀង​ «យូរប៉ុណ្ណាក៏​ចាំ​»​ របស់​ Judge ណុប បាយ៉ារិទ្ធ។ ការ​ជ្រើសរើស​បទ​ចម្រៀង​របស់​តិច​ម៉េង​ ធ្វើ​ឱ្យ​មហាជន​សរសើរ​ថា​ច្រៀង​បាន​យ៉ាង​ល្អ​ឥត​មាន​កន្លែង​ណា​ទាស់​។

បទ​ពិសោធ​ជីវិត​និង​ការ​តស៊ូ​ក្រាញ​ននាល​លើ​វិថី​សិល្បៈ​របស់​ម្ចាស់​ពាន​ លីម តិចម៉េង​ បាន​ក្លាយ​ជា​ឧទាហរណ៍​យ៉ាង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​បរាជ័យ​ក្នុង​ជីវិត​ ឬ​អ្នក​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​លំបាក​ទាំង​អំបាលម៉ាន​​ សូម​ចាំ​ថា​ ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​មិន​ងាយ​ស្រួល​ឡើយ​ ហើយ​មាន​តែ​មនុស្ស​ដែល​មិន​បោះ​បង់​ចោល​សុបិន​ ​មាន​ការ​ជឿជាក់​លើ​​សមត្ថភាព​របស់​ខ្លួន​ឯង​​ប៉ុណ្ណោះ​ អាច​ដើរ​ទៅ​ដល់​គោល​ដៅ​នៃ​ពាក្យ​ថា​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​៕

Share.