តារា​សម្ដែង​ ​Yoo Joo Eun ​ដែល​ធ្លាប់​សាង​ឈ្មោះ​តាម​រយៈ​ភាពយន្ត​ភាគ​ ​Joseon Survival Period​ បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​ដោយ​បន្សល់​ទុក​ត្រឹម​សំបុត្រ​លា​ស្លា.ប់​មួយ​ច្បាប់​ប៉ុណ្ណោះ​។​

បើ​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​ thelatestly ​បាន​ឲ្យ​ដឹង​ថា​ តារា​សម្ដែង​រូប​បាន​ធ្វើ​អត្តឃាត​ហើយ​បងប្រុស​របស់​នាង​គឺ​ជា​អ្នក​ដែល​ប្រទះ​សព​របស់​ប្អូន​ស្រី​មុន​គេ​។ ​Yoo Han​ បងប្រុស​របស់​តារា​ស្រី​អភ័ព្វរូប​នេះ​បាន​ប្រកាស​ពី​ដំណឹង​មរណភាព​របស់​ប្អូនស្រី​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទី​២៩ ​ខែសីហា​កន្លង​ទៅ​។ ​លោក​បាន​និយាយ​ថា​ ​«​Joo Eun​ បាន​ទៅ​កាន់​សុគតិភព​ហើយ​ ​បើ​មាន​ពេល​កុំភ្លេច​មក​និយាយ​ពាក្យ​លា​ជាមួយ​នាង​ផង​»។

បន្ទាប់​មក​បងប្រុស​របស់​តារាស្រី​វ័យ​ក្មេង​បាន​លាត​ត្រដាង​សំបុត្រ​លា​ស្លា.ប់​របស់​ប្អូនស្រី​ខ្លួន​ដែល​មាន​ខ្លឹមសារ​ ទាំង​ស្រុង​ថា​សុំទោស​ផង​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ​មុន​ ​«សុំទោស​អ្នកម៉ែ​ ​សុំទោស​លោក​យាយ​ ​និង​បងប្រុស​ ចិត្ត​របស់​ខ្ញុំ​កំពុង​ស្រែក​យំ​ប្រាប់​ថា​មិន​ចង់​រស់​នៅ​បន្ត​ទៀត​នោះ​ទេ​ ​ជីវិត​របស់​អ្នកគ្រប់​គ្នា​ប្រហែល​ជា​មិន​ដូច​ដើម​ទេ​ ​ពេល​ដែល​គ្មាន​ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​អ្នកគ្រប់គ្នា​រឹងមាំ​ ​ខ្ញុំ​នឹង​រង់ចាំ​មើល​អ្នក​គ្រប់គ្នា​ ​កុំ​យំ​អីណា​ ​ប្រយ័ត្ន​ឈឺ​។​»​

ពេល​នេះ​ខ្ញុំ​ឈប់​សោកសៅ​ទៀត​ហើយ​ ​ខ្ញុំ​មាន​អារម្មណ៍​ច្បាស់លាស់​ហើយ​ស្ងប់​សុខ​ណាស់​ អាច​មក​ពី​ខ្ញុំ​គិត​ពី​រឿង​នេះ​មក​ជា​យូរ​ហើយ​។ ខ្ញុំ​បាន​ប្រើប្រាស់​ជីវិត​យ៉ាង​មាន​ក្ដី​សុខ​មក​រហូត​ ​ហើយ​នោះ​ក៏​គ្រប់គ្រាន់​ដែរ​សម្រាប់​ខ្ញុំ​ គ្រប់គ្រាន់​ពេក​ហើយ​ ​កុំ​បន្ទោស​អ្នក​ណា​ឲ្យ​សោះ ​ហើយ​មាន​ជីវិត​បន្ត​ទៀត​ ​ទោះ​ជា​គ្មាន​វត្តមាន​ខ្ញុំ​ទៀត​ក៏​សោយ​ចុះ​»។

Yoo Joo Eun ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​សកលវិទ្យាល័យ​សិល្បៈ​ជាតិ​ប្រទេស​កូរ៉េ​ ឯកទេស​រាំ​។​ តារា​ស្រី​រូប​នេះ​ចាប់ផ្ដើម​មាន​សមិទ្ធិផល​សម្ដែង​ដំបូង​កាល​ពី​ឆ្នាំ​២០១៨ ​ក្នុង​ភាពយន្ត​ភាគ​ Big Forest ​របស់​ ​TVN ​និង​រឿង​ ​Joseon Survival Period​៕

Share.